ចិន និងឡាវ ចាប់ផ្តើមសមយុទ្ធវេជ្ជសាស្ត្ររួមគ្នា «រថភ្លើងសន្តិភាព-២០២៦» និងផ្តល់ការព្យាបាលឥតគិតថ្លៃ
បរទេស៖ ក្រុមគ្រូពេទ្យយោធា និងកម្លាំងគាំទ្រ វេជ្ជសាស្ត្រនៃកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងបេសកកម្ម «រថភ្លើងសន្តិភាព-២០២៦» (Peace Train-2026) បានធ្វើដំណើរទៅដល់រាជធានីវៀងចន្ទន៍ ប្រទេសឡាវ កាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា។
ក្រុមគ្រូពេទ្យយោធាចិន នឹងចូលរួមក្នុងសមយុទ្ធសង្គ្រោះវេជ្ជសាស្ត្រផ្នែកមនុស្សធម៌រួមគ្នា និងកម្មវិធីផ្តល់សេវាសុខាភិបាល រយៈពេល ១៧ ថ្ងៃ ជាមួយក្រុមជំនួយវេជ្ជសាស្ត្រនៃកងទ័ពប្រជាជនឡាវ។ ពិធីបដិសណ្ឋារកិច្ច និងស្វាគមន៍យ៉ាងកក់ក្តៅនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមានរបស់លោក Bouasing Inthavong អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនៃកងទ័ពប្រជាជនឡាវ ព្រមទាំងតំណាងនៃភាគីទាំងពីរ នេះបើយោងតាមការចេផ្សាយពីសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦។
បន្ទាប់ពីបញ្ចប់ការធ្វើសមយុទ្ធរួមគ្នានេះ ក្រុមគ្រូពេទ្យយោធាចិននឹងបន្តដំណើរទៅកាន់ខេត្តចំនួន ៤ ក្នុងប្រទេសឡាវ រួមមាន រាជធានីវៀងចន្ទន៍ ខេត្តសវ៉ាន់ណាខេត (Savannakhet) ខេត្តចំប៉ាសាក់ (Champasak) និងខេត្តអាត់តពើ (Attapeu) ដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងរៀបចំបទបឋកថាក្នុងការចែករំលែកចំណេះដឹងផ្នែកវេជ្ជសាស្ត្រផងដែរ។
ប្រែសម្រួល៖គីរី
