ព័ត៌មានអន្តរជាតិ

អគ្គិភ័យឆាបឆេះនាវា ដឹកទំនិញនៅចិន សម្លាប់ ២០នាក់ និងបាត់ខ្លួន ៥នាក់

ចិន៖ តាមការចេញផ្សាយពីសារព័ត៌មាន SkyNews នៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៦ បានអោយដឹងថា មានមនុស្សយ៉ាងហោចណាស់ ២០នាក់ បានស្លាប់ និង ៥នាក់ទៀតបាត់ខ្លួន បន្ទាប់ពីអគ្គិភ័យបានឆាបឆេះ លើនាវាដឹកទំនិញមួយគ្រឿង ដែលកំពុងចូលចត ដើម្បីជួសជុលនៅកំពង់ផែ Qingdao ខេត្ត Shandong ភាគខាងកើតប្រទេសចិន។

នាវាដែលមានឈ្មោះ Ocean Melody និងបោះទង់ជាតិលីបេរីយ៉ា បានមកដល់កន្លែងជួសជុលកាលពីថ្ងៃទី៣១ ខែសីហា។ នៅពេលអគ្គិភ័យកើតឡើង មានមនុស្សសរុប ៤២នាក់ នៅលើនាវា ក្នុងនោះ ១៧នាក់ត្រូវបានជម្លៀស ហើយអ្នករងរបួសចំនួន ៥នាក់ត្រូវបានបញ្ជូនទៅព្យាបាល ។

អាជ្ញាធរបានបញ្ជូនក្រុមសង្គ្រោះ និងក្រុមពន្លត់អគ្គិភ័យទៅកាន់ទីតាំង ហើយបានបន្តស្វែងរកអ្នកបាត់ខ្លួន។ ប្រធានាធិបតីចិន Xi Jinping បានបញ្ជាឱ្យពន្លឿនប្រតិបត្តិការសង្គ្រោះ និងស៊ើបអង្កេតរកមូលហេតុនៃអគ្គិភ័យ ព្រមទាំងទាមទារឱ្យមានការទទួលខុសត្រូវ ចំពោះអ្នកពាក់ព័ន្ធ ។ មូលហេតុនៃអគ្គិភ័យ កំពុងស្ថិតក្រោម ការស៊ើបអង្កេត។

ប្រែសម្រួល៖ គីរី

To Top