ព័ត៌មានអន្តរជាតិ

នាវាកងកម្លាំងការពារជប៉ុន ទៅដល់ឥណ្ឌូណេស៊ី ដើម្បីចូលរួមបេសកកម្ម ពន្លត់ភ្លើងព្រៃ ជាលើកដំបូង នៅក្រៅប្រទេស

ហ្សាការតា ៖ នាវាដឹកជញ្ជូនរបស់កងកម្លាំង ស្វ័យការពារជប៉ុន (SDF) ដែលដឹកឧទ្ធម្ភាគចក្រ CH-47 ចំនួន ៣គ្រឿង បានទៅដល់កំពង់ផែ Kijing ក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ដើម្បីចូលរួមបេសកកម្មពន្លត់ភ្លើងព្រៃ ជាលើកដំបូងរបស់ជប៉ុននៅក្រៅប្រទេស នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន kyodo នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

បេសកកម្មនេះមានកងកម្លាំងជើងទឹក និងជើងគោកជប៉ុនប្រមាណ ៣៥០នាក់ចូលរួម ។ ឧទ្ធម្ភាគចក្រ CH-47 នឹងប្រតិបត្តិការពីតំបន់កាលីម៉ាន់តាន់ខាងលិច ដើម្បីជួយកងទ័ពឥណ្ឌូណេស៊ី ពន្លត់ភ្លើងព្រៃពីលើអាកាស ប្រមាណមួយសប្តាហ៍ ចាប់ពីថ្ងៃអាទិត្យ ។
ក្រសួងការពារជប៉ុនបានបញ្ជាក់ថា ខ្លួននឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់។ ភ្លើងព្រៃដែលកើតឡើងនៅឥណ្ឌូណេស៊ីចាប់ពីខែមករា ដល់ខែកក្កដា បានបំផ្លាញព្រៃឈើ និងដីព្រៃល្បាប់ប្រមាណ ២,០០០ គីឡូម៉ែត្រការ៉េ។

នាវា Kunisaki ប្រភេទ Osumi-class មានទម្ងន់ប្រមាណ ៨,៩០០តោន បានចាកចេញពីមូលដ្ឋានកងកម្លាំងស្វ័យការពារជើងទឹក Kure ក្នុងខេត្ត Hiroshima ប្រទេសជប៉ុន កាលពីថ្ងៃទី៣០ ខែសីហា។ ឧទ្ធម្ភាគចក្រ CH-47 នឹងស្រូបទឹកពីទន្លេ ដឹកទៅលើអាកាស ហើយបង្ហូរទឹកចុះទៅលើតំបន់ភ្លើង ដោយអាចដឹកទឹកបានប្រមាណ ៥តោនក្នុងមួយជើង។

បេសកកម្មនេះកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជប៉ុន Shinjiro Koizumi និងរដ្ឋមន្ត្រីការពារឥណ្ឌូណេស៊ី Sjafrie Sjamsoeddin បានចុះកិច្ចព្រមព្រៀងកាលពីខែឧសភា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ រួមទាំងការហ្វឹកហ្វឺនរួម និងប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ។

ជប៉ុនក៏ធ្លាប់ប្រើឧទ្ធម្ភាគចក្រ CH-47 ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi កាលពីឆ្នាំ២០១១ ដើម្បីបាញ់ ទឹកជួយបន្ថយកម្ដៅរ៉េអាក់ទ័រ បន្ទាប់ពីតំបន់នេះ រងការវាយប្រហារ ដោយរលកយក្សស៊ូណាមិ ដែលបង្កឡើងពីការរញ្ជួយដីដ៏ធំ។

ប្រែសម្រួល៖ គីរី

To Top