អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេង ខណៈក្រុមហ៊ូទីបង្កើនការគ្រប់គ្រង លើការដឹកជញ្ជូនតាមសមុទ្រក្រហម
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានបិទបំពង់បង្ហូរប្រេង East-West របស់ខ្លួន បន្ទាប់ពីបំពង់បង្ហូរប្រេងដ៏សំខាន់នេះ បានរងការវាយប្រហារតាមផ្លូវអាកាស ក្នុងបរិបទនៃជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងរីករាលដាល។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រទេសដែលនាំចេញប្រេងឆៅធំជាងគេបំផុតក្នុងពិភពលោកមួយនេះ បានបិទបំពង់បង្ហូរប្រេងជាបណ្តោះអាសន្ន បន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (drone) ដែលទាំងទីក្រុងបាកដាដ និងទីក្រុងរីយ៉ាដ បានអះអាងថា មានប្រភពមកពីប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់កំពុងប្រតិបត្តិការ។ ប្រទេសអ៊ីរ៉ាក់បានដកមេបញ្ជាការយោធាម្នាក់ចេញពីតំណែងកាលពីថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនោះ។
បំពង់បង្ហូរប្រេងដែលមានប្រវែង ១.២០០ គីឡូម៉ែត្រ (៧៤៥ ម៉ាយ) ដែលលាតសន្ធឹងកាត់ឧបទ្វីបអារ៉ាប់នេះ បានជួយឱ្យអារ៉ាប៊ីសាអូឌីតអាចជៀសវាងការកកស្ទះនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលជាកន្លែងដែលចរាចរណ៍នាវាដឹកប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ក្រសួងថាមពលរបស់អារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា ខ្លួនបានបិទបំពង់បង្ហូរប្រេងនេះជាវិធានការបង្ការ។ យោងតាមក្រុមហ៊ុនតាមដាននាវា និងអ្នកវិភាគនានា បំពង់បង្ហូរប្រេងនេះបានដឹកជញ្ជូនប្រេងក្នុងបរិមាណពី ៤ ទៅ ៥ លានបារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលស្មើនឹង ៤% ទៅ ៥% នៃការផ្គត់ផ្គង់សរុបនៅទូទាំងពិភពលោក។
ប្រែសម្រួល: ណៃ តុលា
