នាយករដ្ឋមន្ត្រីឥណ្ឌា និងលោក Putin ស្វែងរកការពង្រឹងទំនាក់ទំនង ខណៈរុស្ស៊ីអំពាវនាវឱ្យក្រុមប្រទេស BRICS ប្រឆាំងនឹងបស្ចិមលោក
បរទេស: នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឯកភាពគ្នានៅថ្ងៃសុក្រ ដើម្បីពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ខណៈដែលលោក Putin បានលើកឡើងថា ក្រុមប្រទេស BRICS គួរតែបង្កើតវេទិកាថ្មីមួយសម្រាប់កំណើនសកល ដែលមិនស្ថិតនៅក្រោមការកំណត់ដោយច្បាប់ ឬបទបញ្ជារបស់បស្ចិមលោក។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Modi និងលោក Putin បានជួបពិភាក្សាគ្នានៅរដ្ឋធានីរបស់ប្រទេសឥណ្ឌា នៅមុនថ្ងៃនៃកិច្ចប្រជុំកំពូល BRICS ដែលនឹងមានការចូលរួមពីសំណាក់មេដឹកនាំនានា រួមទាំងប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ផងដែរ។
ទីក្រុង New Delhi កំពុងព្យាយាមរក្សាតុល្យភាពផ្នែកការទូត ដោយខិតខំរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយសហរដ្ឋអាមេរិក បណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ រុស្ស៊ី អ៊ីរ៉ង់ និងអ៊ីស្រាអែល ស្របពេលដែលខ្លួនកំពុងរងផលប៉ះពាល់ពីការរំខានដល់ការដឹកជញ្ជូន និងពាណិជ្ជកម្ម ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់។
ក្រុមប្រទេស BRICS កំពុងព្យាយាមលើកកម្ពស់ឥទ្ធិពលរបស់ខ្លួនតាមរយៈការចូលរួមបង្កើត ឬមានឥទ្ធិពលលើច្បាប់ និងស្ថាប័នអន្តរជាតិ ទោះបីជាសមាជិករបស់ខ្លួនមានការបែកបាក់គ្នាលើបញ្ហាជម្លោះនៅតំបន់ឈូងសមុទ្រក៏ដោយ ដោយសារអ៊ីរ៉ង់ និងអារ៉ាប់រួម (UAE) ស្ថិតនៅជំហរផ្ទុយគ្នា។
លោក Kirill Dmitriev ដែលជាបេសកជនពិសេសរបស់លោក Putin បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុម BRICS កំពុងផ្លាស់ប្តូរពីក្រុមដែលមានលក្ខណៈភូមិសាស្ត្រនយោបាយ ទៅជាភាពជាដៃគូសេដ្ឋកិច្ចដែលមានលក្ខណៈជាក់ស្តែងជាងមុន ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យធុរកិច្ច ក្រុមហ៊ុនបច្ចេកវិទ្យា និងវិនិយោគិន ព្រមទាំងការកែលម្អប្រព័ន្ធទូទាត់ប្រាក់ និងហេដ្ឋារចនាសម្ព័ន្ធរួម។
ប្រែសម្រួល: ណៃ តុលា
