ព័ត៌មានជាតិ

ថៃបន្តបិទច្រកព្រំដែន ខ្លងលឹក -ប៉ោយប៉ែតដដែល តែអនុញ្ញាតឲ្យអាជីវករខ្មែរ ទៅពិនិត្យឥវ៉ាន់នៅផ្សាររោងគ្លឿ

បន្ទាយមានជ័យ៖ ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយ លោក វរ៉ាផាន់ សុវាណុន អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសំឡេង រូបភាព (Video Conference) ដើម្បីរិះរកមធ្យោបាយ ជួយសម្រួល ប្រជាពលរដ្ឋទាំងពីរប្រទេស។

ជាលទ្ធផល ឆ្លងកិច្ចពិភាក្សា យ៉ាងយកចិត្តទុកដាក់ អភិបាលខេត្តបន្ទាយមានជ័យ និង អាជ្ញាធរថៃ បានឯកភាពជាគោលការណ៍ ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញឥវ៉ាន់ មកវិញ តាមរយៈរថយន្ត ចំនួន ៥០ ឡាន មនុស្សក្នុង១ ឡាន ២នាក់ ដោយមានការ បំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឲ្យមានការចូល ទៅលក់ដូរនោះទេ ។ ហើយរយៈពេល នៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ ម៉ោង ១៣:០០ នាទីរសៀល ចេញពីទឹកដីថៃវិញ ។

ចំពោះការអនុញ្ញាត ឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រង់ចាំ ការជូនដំណឹងពីថ្នាក់លើ របស់ប្រទេសថៃ ។ ករណីបើកឬ បិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងលឹក គឺរក្សាការបិទដដែល នឹងមានទាន់មានព័ត៌មាន ផ្លូវការណាមួយ ត្រូវបើក
នាពេលឆាប់ៗនោះទេ ។ ករណីប្រជាពលរដ្ឋខ្មែរ ដែលចេញពីថៃ មកមាតុប្រទេសវិញ គឺមានការសម្របសម្រួល ដោយរក្សា ឯកភាពឲ្យចេញ តាមច្រកអូរបីជាន់ដដែល ។

គួរបញ្ជាក់ថា របៀបវារៈ នៃកិច្ចប្រជុំមាន: ១.ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក, ២.ពិភាក្សាសុំឲ្យមានការចេញ~ចូលលក់ដូរត្រឹមផ្សាររុងក្លឿ, ៣.ពិភាក្សាករណីពលករ (ចេញ~ចូល)និង ៤.បញ្ហាផ្សេងៗ ។

ដោយៈ សំណាង

To Top