ព័ត៌មានជាតិ

កូវីដ១៩ ៖ GMAC យល់ឃើញថា ការចរចាប្រាក់ ឈ្នួលកម្មករឆ្នាំ២០២១ គួរត្រូវពន្យាពេល

ភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈ ដែលវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង កំពុងមានភាពផុយស្រួយ និងមានភាពមិនច្បាស់លាស់ ក្នុងការវិលត្រឡប់មករកសភាពដើមវិញ ដោយសារវិបត្តិកូវីដ១៩នោះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) យល់ឃើញថា ការចរចាប្រាក់ឈ្នួល អប្បបរមាថ្មី សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ គួរត្រូវបាន ពន្យារពេលសិន ។

យោងតាមសេចក្ដីថ្លែងការណ៍ របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជានៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងកាលៈទេសៈបច្ចុប្បន្នកម្ពុជា និងបណ្តាប្រទេសលើពិភពលោក កំពុងរងផលប៉ះពាល់ ដោយសារការរីករាលដាលពីកូវីដ១៩ ។ ជាក់ស្តែង ក្នុងផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង រោងចក្រ សហគ្រាសជាច្រើន បានផ្អាកដំណើការ សកម្មភាពផលិតបណ្តោះអាសន្ន ខណៈមួយចំនួនទៀត បានឈប់ដំណើការ។

GMAC បន្តថា ស្ថិតក្នុងកាលៈទេសៈនេះ វិស័យវាយន ភណ្ឌកាត់ដេរ និងផលិតស្បែកជើង កំពុងមានភាពផុយស្រួយ និងមានភាពមិនច្បាស់លាស់ ក្នុងការវិលត្រឡប់ មករកសភាពដើមវិញ ក៏ដូចជាការធ្វើឲ្យប្រសើរឡើងវិញ របស់វិស័យនេះ នឹងត្រូវចំណាយពេលយូរ។

ម្យ៉ាងវិញទៀត ក្នុងពេលបច្ចុប្បន្ន រោងចក្រយ៉ាងច្រើន នៅក្នុងវិស័យនេះបាននឹងកំពុងព្យួរការងារ និងមាន រោងចក្រចំនួនមួយចំនួនកំពុងបិទទ្វារ ។

ទាក់ទងជាមួយបញ្ហានេះ សមាគមរោងចក្រកាត់ដេរយល់ឃើញថា “ការចរចាប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២១ខាងមុខនេះ គួរត្រូវបានពន្យារពេល”។

សម្រាប់ ប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២០ គួរត្រូវបន្តសុពលភាពអនុវត្ត រហូតដល់វិស័យនេះ អាចត្រឡប់ទៅរកសភាពដើមវិញ។

GMACសង្ឃឹមថា ការចរចាបា្រក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២១ខាងមុខនេះ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពនៃវិស័យនេះ មានភាពប្រក្រតីឡើងវិញ។

លើសពីនេះទៀត សមាគមរោងចក្រកាត់ដេរ នៅកម្ពុជាក៏បានចាត់ទុកថា ការបង្អង់ការចរចាប្រាក់ឈ្នួលអប្បបរមា នឹងជាយន្តការមួយ ក្នុងការគាំទ្រឲ្យវិស័យនេះ នៅបន្តមានជីវិតរស់នៅ ក៏ដូចជារក្សាការងារ សម្រាប់កម្មករនិយោជិតផងដែរ ៕ ដោយ៖ធី លីថូ

To Top