OPEC+ នឹងរក្សាកម្រិតផលិតកម្មប្រេងឱ្យនៅដដែល សម្រាប់ខែទីពីរជាប់ៗគ្នា នៅខែវិច្ឆិកា
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលគេស្គាល់ថាជា OPEC+ នឹងរក្សាកម្រិតផលិតកម្មប្រេងរបស់ពួកគេឱ្យនៅដដែល សម្រាប់ខែទីពីរជាប់ៗគ្នា នៅខែវិច្ឆិកា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ OPEC កាលពីថ្ងៃអាទិត្យ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងប្រទេសសមាជិក OPEC+ រួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ដើម្បីពិនិត្យមើលស្ថានភាពទីផ្សារពិភពលោក និងទស្សនវិស័យសេដ្ឋកិច្ច។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា “ប្រទេសទាំង ៧ ដែលចូលរួមបានសម្រេចចិត្តរក្សាកម្រិតផលិតកម្មដែលបានកំណត់សម្រាប់ខែកញ្ញា ឆ្នាំ ២០២៦ ឱ្យនៅដដែលសម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២៦”។
ប្រទេសទាំង៧ របស់ OPEC+ បានដំឡើងកម្រិតផលិតកម្មប្រេងជារៀងរាល់ខែចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំនេះ។ នៅខែតុលា ប្រទេសទាំង ៧នេះបានផ្អាកការដំឡើងផលិតកម្មប្រេងរបស់ពួកគេ។
OPEC បានឱ្យដឹងថា ប្រទេសទាំង៧ នឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី ១ ខែវិច្ឆិកា ដើម្បីពិនិត្យមើលស្ថានភាពទីផ្សារ និងធ្វើការសម្រេចចិត្តបន្ថែមទៀត៕
ប្រែសម្រួល ឈូក បូរ៉ា
