ព័ត៌មានអន្តរជាតិ

ទីក្រុងហាណូយរបស់វៀតណាម ទាក់ទាញការវិនិយោគពីបរទេសក្នុងទំហំទឹកប្រាក់ ៤,០៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ខែឆ្នាំ ២០២៦

បរទេស៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយមន្ទីរហិរញ្ញវត្ថុទីក្រុងហាណូយ បានឱ្យដឹងថា ទីក្រុងហាណូយបានទាក់ទាញការវិនិយោគពីបរទេសដែលមានតម្លៃប៉ាន់ស្មានចំនួន ៤,០៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ ដែលស្មើនឹង ៩០,៤ ភាគរយនៃគោលដៅប្រចាំឆ្នាំរបស់ទីក្រុង។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា តួលេខនេះរួមមាន៖ ដើមទុនចុះបញ្ជីថ្មីចំនួន ៦៧៦ លានដុល្លារ, ដើមទុនបន្ថែមចំនួន ៦៩១ លានដុល្លារ និងទឹកប្រាក់ចំនួន ២,៧ ពាន់លានដុល្លារដែលបានមកពីការចូលរួមវិភាគទានដើមទុន និងការទិញភាគហ៊ុនរបស់វិនិយោគិនបរទេស។

ក្នុងរយៈពេល ៩ ខែដំបូងនេះ ទីក្រុងបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគបរទេសថ្មីៗចំនួន ៥០០ ដែលមានដើមទុនចុះបញ្ជីសរុប ៦៧៦ លានដុល្លារ។ តួលេខនេះបង្ហាញពីការកើនឡើង ៧៨ ភាគរយនៃចំនួនគម្រោង និង ១៣៨ ភាគរយនៃតម្លៃវិនិយោគ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។

មន្ទីរហិរញ្ញវត្ថុវៀតណាម ក៏បានបញ្ជាក់ផងដែរថា តួលេខទាំងនេះឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ដ៏ខ្លាំងក្លា និងបន្តមានពីសំណាក់វិនិយោគិនបរទេសថ្មីៗចំពោះទីក្រុងហាណូយ ដោយដើមទុនចុះបញ្ជីថ្មីមានការកើនឡើងជាងទ្វេដងបើធៀបនឹងឆ្នាំមុន។

ដោយឡែកនៅក្នុងខែកញ្ញា ទីក្រុងបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងថ្មីចំនួន ៥០ ដែលមានដើមទុនចុះបញ្ជីសរុប ១០៣,៩៣ លានដុល្លារ។ តួលេខនេះបង្ហាញពីការកើនឡើង ២០៨ ភាគរយនៃចំនួនគម្រោង និងកើនឡើងប្រហែល ១០,១ ដងនៃតម្លៃវិនិយោគ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។

ប្រែសម្រួលៈ តុលា

To Top