ព័ត៌មានអន្តរជាតិ

មន្រ្តីជាន់ខ្ពស់របស់ជប៉ុនថា ជប៉ុនគ្មានគម្រោងបញ្ចេញប្រេងឆៅ បន្ថែមទៀតចេញ ពីស្តុកបម្រុងរបស់ជាតិនោះទេ

បរទេស៖ លោក Minoru Kihara ប្រធានលេខាធិការនៃគណៈរដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅថ្ងៃចន្ទនេះថា ជប៉ុនគ្មានផែនការបញ្ចេញប្រេងឆៅ បន្ថែមទៀតពីស្តុកបម្រុងជាតិនោះទេ ដោយសារប្រទេសនេះបាន បញ្ចេញការផ្គត់ផ្គង់រួចហើយ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ថា ការលើកឡើងរបស់លោក Kihara ធ្វើឡើងនៅពេលដែលក្រុមប្រទេស G7 ដែលជប៉ុន ជាសមាជិកមួយដែរនោះ បានឯកភាពគ្នាកាលពីថ្ងៃសុក្រ ក្នុងការបញ្ចេញប្រេងម៉ាស៊ូត និងប្រេងឆៅចំនួន ១០០លានបារ៉ែលពីស្តុកបម្រុងសម្រាប់គ្រាអាសន្ន ហើយបានសន្យាថា នឹងមិនដាក់កម្រិតលើការ នាំចេញថាមពលឡើយ ។ សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីមានការដាក់សម្ពាធ ពីប្រធានាធិបតីអាមេរិក លោក Donald Trump ទៅលើសហភាពអឺរ៉ុប ឱ្យបញ្ចេញស្តុកប្រេងម៉ាស៊ូត សម្រាប់គ្រាអាសន្ន។

គេមិនទាន់ច្បាស់ទេថា តើបរិមាណប្រេងដែលនឹងត្រូវបញ្ចេញថ្មីនេះ នឹងយកចេញពីផ្នែកណានៃស្តុកប្រេងចំនួន ៤០០លានបារ៉ែល ដែលប្រទេសចំនួន ៣២ ជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឯកភាពបញ្ចេញកាលពីខែមីនា ដើម្បីកាត់បន្ថយផលប៉ះពាល់ពីជម្លោះរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ នោះទេ។

នាយកប្រតិបត្តិរបស់ ទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol បានថ្លែងកាលពីសប្តាហ៍មុនថា បណ្តាប្រទេសសមាជិក បានបញ្ចេញប្រេងប្រហែល ២ភាគ៣ នៃបរិមាណ ៤០០លានបារ៉ែល ដែលបានព្រមព្រៀងគ្នានោះរួចហើយ។

កាលពីខែមីនា ជប៉ុនបានប្រកាសថា ខ្លួននឹងបញ្ចេញប្រេងប្រហែល ៨០លានបារ៉ែលពីស្តុកបម្រុងរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង សម្របសម្រួលរួមគ្នា ។ ជប៉ុនក៏បានធ្វើការបញ្ចេញស្តុកប្រេងឆៅ ជាតិជាលើកទីពីរផងដែរ នៅក្នុងខែឧសភា។
ប្រែសម្រួលៈ តុលា

To Top