Feature

ក្រសួងអប់រំ លើកកម្ពស់សមត្ថភាព​ ជាប្រចាំដល់នាយកសាលា និងគ្រូបង្រៀន លើការអនុវត្តគរុកោសល្យ និងវិធីសាស្ត្របង្រៀនថ្មីៗ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបន្ដលើកកម្ពស់សមត្ថភាព ជាប្រចាំដល់នាយកសាលា និងគ្រូបង្រៀនលើការអនុវត្តគរុកោសល្យ និងវិធីសាស្ត្របង្រៀនថ្មីៗ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

ក្នុង វេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ «គរុកោសល្យទំនើប ដើម្បីលើកកម្ពស់បំណិនសតវត្សរ៍ទី២១ ឆ្ពោះទៅ PISA» នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញសេចក្តីរីករាយ និងបានគូសបញ្ជាក់ថា ដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនឹងការវាយតម្លៃតេស្ត PISA ប្រកបដោយលទ្ធផលកាន់តែគាប់ប្រសើរ គឺត្រូវពង្រឹងមូលដ្ឋានគ្រឹះនៃការអប់រំចាប់តាំងពីកម្រិតកុមារតូច ពោលគឺក្នុងរយៈពេល ១០០០ ថ្ងៃដំបូង តាមរយៈការយកចិត្តទុកដាក់លើការទំនាក់ទំនង ការថែទាំ អនាម័យ អាហាររូបត្ថម្ភ និងការបង្កលក្ខណៈឱ្យកុមាររៀន សូត្រតាមរយៈការលេង រហូតដល់កម្រិតមត្តេយ្យសិក្សា ព្រមទាំងជំរុញការអនុវត្តកញ្ចប់ អំណានដំបូង និងគណិតវិទ្យាដំបូងឱ្យកាន់តែមានគុណភាពនៅកម្រិតបឋមសិក្សា។

ជាមួយគ្នានេះ ក្រសួង នឹងបន្តពង្រីកសាលារៀនគំរូ និងលើកកម្ពស់សមត្ថភាព ជាប្រចាំដល់នាយកសាលា និងគ្រូបង្រៀនលើការអនុវត្តគរុកោសល្យ និង វិធីសាស្ត្របង្រៀនថ្មីៗ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយការទទួលខុសត្រូវ ដើម្បីបណ្តុះសមត្ថភាព សិស្សឱ្យចេះអំណានស៊ីជម្រៅ ចេះវិភាគ និងទាញសេចក្តីសន្និដ្ឋាន លើមុខវិជ្ជាស្នូលដូចជា អំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ដែលជាបំណិនសតវត្សរ៍ទី២១ ដ៏ចាំបាច់សម្រាប់ឆ្លើយតបនឹងស្តង់ដាតេស្ត PISA។

ឆ្លើយតបនឹងប្រធានបទនៃវេទិកាតុមូលនេះដែរ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានរំលឹកឡើងវិញអំពីសារៈសំខាន់ នៃការអនុវត្តស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន ដោយបានគូសបញ្ជាក់ពីភាពចាំបាច់ ក្នុងការបង្កើត និងពង្រឹងការផ្សារភ្ជាប់ជាប្រព័ន្ធរវាងក្រសួងអប់រំ យុវជន និងកីឡា សាលាគរុកោសល្យ និងសាលារៀនផ្ទាល់ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយអប់រំនៅគ្រប់កម្រិត៕

To Top