តម្លៃប្រេងធ្លាក់ចុះ ខណៈដែលពាណិជ្ជករថ្លឹងថ្លែង រវាងការនាំចេញដ៏ខ្លាំងក្លា ពីមជ្ឈិមបូព៌ា និងភាពតានតឹងនៅក្នុងតំបន់ ឈូងសមុទ្រពែក្ស
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃអង្គារ ដោយសារការនាំចេញ ប្រេងឆៅដ៏រឹងមាំពីមជ្ឈិមបូព៌ា និងការសម្រេចចិត្ត របស់ក្រុមប្រទេស G7 ក្នុងការបញ្ចេញប្រេង ពីស្តុកបម្រុងសម្រាប់គ្រាអាសន្ន បានជួយកាត់បន្ថយការព្រួយ បារម្ភអំពីការផ្គត់ផ្គង់ ទោះបីជាការវាយប្រហារ របស់ក្រុមហ៊ូធី (Houthis) នៅយេម៉ែនទៅលើគោលដៅនានា ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅតែធ្វើឱ្យពាណិជ្ជករមានការប្រុងប្រយ័ត្ន ចំពោះហានិភ័យដល់ការផ្គត់ផ្គង់ ពីតំបន់ឈូងសមុទ្រពែក្សក៏ដោយ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ថា តម្លៃសម្រាប់ប្រេងឆៅ Brent បានធ្លាក់ចុះ ៤ សេន មកនៅត្រឹម ១០០,២៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃសម្រាប់ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១១ សេន ឬ ០,១% មកនៅត្រឹម ៨៩,៣៣ ដុល្លារក្នុងមួយបារ៉ែល។
លោក Tim Waterer ប្រធានអ្នកវិភាគ នៅក្រុមហ៊ុន KCM Trade បានមានប្រសាសន៍ថា៖ «តម្លៃប្រេងមិនសូវមាន ការប្រែប្រួលនោះទេ បន្ទាប់ពីការធ្លាក់ចុះកាលពីម្សិលមិញ ដោយសារពាណិជ្ជករ នៅតែបន្តពិចារណា លើការថយចុះបន្តិច នៃក្តីបារម្ភអំពីការផ្គត់ផ្គង់»។
លោកបានបន្ថែមថា៖ «ការកើនឡើងនៃតួលេខនាំចេញរបស់អារ៉ាប៊ីសាអូឌីត និងការសម្រេចចិត្តរបស់ក្រុមប្រទេស G7 ក្នុងការបញ្ចេញប្រេងពីស្តុកបម្រុងយុទ្ធសាស្ត្រ កំពុងជួយទប់តម្លៃប្រេងមិនឱ្យឡើងខ្ពស់នៅពេលនេះ ទោះបីជាតម្លៃប្រេង Brent នៅតែស្ថិតក្នុងកម្រិតប្រហែល ១០០ ដុល្លារក៏ដោយ»។
ទិន្នន័យដឹកជញ្ជូនដែលបានបង្ហាញ កាលពីថ្ងៃចន្ទបានឱ្យដឹងថា ការនាំចេញប្រេងឆៅពីមជ្ឈិមបូព៌ា បានកើនឡើងលើសកម្រិតមុនពេលមានសង្គ្រាម នៅរយៈពេល ៤ ថ្ងៃក្នុងសប្តាហ៍ចុងក្រោយនៃខែកញ្ញា ដែលនេះបង្ហាញពីភាពរឹងមាំ នៃការផ្គត់ផ្គង់ប្រេងក្នុងតំបន់ ទោះបីជាមានការវាយប្រហារលើនាវា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក៏ដោយ។
សូមជម្រាបថា ដើម្បីជួយកាត់បន្ថយការព្រួយបារម្ភអំពីការផ្គត់ផ្គង់បន្ថែមទៀត ប្រទេសនានាក្នុងក្រុមប្រទេស G7 បានយល់ព្រមកាលពីថ្ងៃសុក្រ ក្នុងការបញ្ចេញប្រេងម៉ាស៊ូត និងប្រេងឆៅចំនួន ១០០ លានបារ៉ែលពីស្តុកបម្រុង សម្រាប់គ្រាអាសន្ន ហើយបានសន្យាថា នឹងមិនដាក់កម្រិតលើការនាំចេញថាមពលឡើយ បន្ទាប់ពីមានការដាក់ សម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។
ប្រែសម្រួលៈ តុលា
