លោក Trump ធ្វើការលើកឡើងយ៉ាង «ចម្លែកខុសធម្មតា» ខណៈចេញមុខការពារការចំណាយលើសង្គ្រាមអ៊ីរ៉ង់ ក្នុងយុទ្ធនាការឃោសនានៅរដ្ឋ Nebraska
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump តែងតែលើកហេតុផល ប្រាប់ពលរដ្ឋអាមេរិកាំងជានិច្ចថា ការចំណាយលើសង្គ្រាមអ៊ីរ៉ង់ របស់លោក គឺជាតម្លៃដ៏តូចតួចមួយប៉ុណ្ណោះដែលត្រូវបង់ បើប្រៀបធៀបទៅនឹងការគំរាមកំហែងដែលសហរដ្ឋអាមេរិក កំពុងប្រឈមមុខពីសំណាក់ប្រទេសអ៊ីរ៉ង់ នេះបើតាមការចេញផ្សាយ ពីសារព័ត៌មាន Aljazeera ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
ប៉ុន្តែ ក្នុងយុទ្ធនាការឃោសនានៅរដ្ឋ Nebraska កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីបាននិយាយរឹតតែស៊ីជម្រៅជាងនេះទៅទៀត ដោយបានរៀបរាប់ពីការគំរាមកំហែង ពីសំណាក់ប្រទេសអ៊ីរ៉ង់ តាមរយៈការប្រើប្រាស់ពាក្យសម្តីយ៉ាងហួសការស្មាន។
លោក Trump បានថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់គណបក្សសាធារណរដ្ឋ នៅក្នុងទីក្រុង Grand Island ថា៖ «សូមចងចាំថា ចំពោះសង្គ្រាមនេះ វាគ្រាន់តែជារឿងសិប្បនិម្មិតប៉ុណ្ណោះ។ ការចំណាយអាចខ្ពស់បន្តិច។ ប៉ុន្តែវាគឺជាការលះបង់ដ៏តូចតួចមួយដើម្បីរក្សាពិភពលោកឱ្យមានសុវត្ថិភាព។ ពួកគេអាចកម្ទេចទីក្រុងមួយបាន។ ទុកឱ្យពួកគេកម្ទេចទីក្រុង Los Angeles ឬទីក្រុង San Diego ចុះ។ នេះគឺជាតម្លៃដ៏តូចតួចបំផុតមួយដែលត្រូវបង់។ ជាទូទៅ វាស្ទើរតែឈានដល់ទីបញ្ចប់ទៅហើយ»។
សម្តីនេះស្តាប់ទៅហាក់បីដូចជា លោក Donald Trump កំពុងតែផ្តល់យោបល់ឱ្យប្រទេសអ៊ីរ៉ង់វាយប្រហារលើរដ្ឋ California យ៉ាងដូច្នោះដែរ។ ប៉ុន្តែការពិតមិនមែននោះទេ។ អ្វីដែលលោកកំពុងលើកឡើង គឺការចំណាយលើសង្គ្រាមជាមួយអ៊ីរ៉ង់មានទំហំតូចតួច បើប្រៀបធៀបនឹងហានិភ័យដែលត្រូវបង់ ប្រសិនបើទុកឱ្យអ៊ីរ៉ង់ធ្វើអ្វីតាមចិត្តដោយគ្មានការទប់ស្កាត់។
ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងពីការបំផ្លិចបំផ្លាញទីក្រុងចំនួនពីររបស់សហរដ្ឋអាមេរិក ពីសំណាក់ប្រធានាធិបតីអាមេរិកផ្ទាល់បែបនេះ គឺជាការប្រើប្រាស់ពាក្យសម្តីដ៏គួរឱ្យភ្ញាក់ផ្អើល ហើយវាប្រហែលជាសញ្ញាមួយបង្ហាញថា តើលោក Donald Trump កំពុងស្ថិតក្រោមសម្ពាធកម្រិតណាមុនការបោះឆ្នោតសភា ដែលត្រូវបានគេរំពឹងថានឹងមានភាពតានតឹងខ្លាំងនៅខែវិច្ឆិកាខាងមុខនេះ។
ម្យ៉ាងវិញទៀត វាក៏ប្រហែលជាសញ្ញាមួយបញ្ជាក់ថា លោកកំពុងរងសម្ពាធកាន់តែខ្លាំងឡើង ក្នុងការបញ្ចុះបញ្ចូលពលរដ្ឋអាមេរិកឱ្យជឿជាក់ថា សង្គ្រាមរបស់លោកជាមួយប្រទេសអ៊ីរ៉ង់ គឺជារឿងដែលស័ក្តិសម និងមិនអត់ប្រយោជន៍នោះឡើយ។
ប្រែសម្រួល៖ គីរី
