Feature

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពង្រឹងវិធានការ ការពារធនធានធម្មជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

កំពង់ធំ៖ នៅរសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំពិភាក្សា និងដាក់ចេញនូវវិធានការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរង ទទួលបន្ទុកការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានឡើងរាយការណ៍អំពីសភាពការណ៍មួយចំនួន ដែលកងកម្លាំងចម្រុះបានខិតខំបំពេញភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងរយៈពេលកន្លងទៅ និងបច្ចុប្បន្ននេះ កំពុងចាត់វិធានការប្រើប្រាស់កម្លាំងចល័ត ក្នុងការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ នៅតាមបណ្ដាគោលដៅមួយចំនួន ក្នុងភូមិសាស្ត្រស្រុកសន្ទុក និង​ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ។ ជាមួយនេះដែរ លោកវរសេនីយ៍ទោ អ៊ូ ឆេងកន មេបញ្ជាការរង ទទួលបន្ទុកការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក៏បានរាយការណ៍បញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង ក្នុងរយៈពេលកន្លងទៅនេះ ដែលបានបង្ក្រាបបទល្មើសនេសាទខុសច្បាប់បានជាច្រើនករណី រួមទាំងរឹបអូសបានឧបករណ៍ឆក់ត្រី និងមធ្យោបាយប្រព្រឹត្តបទល្មើស ប្រគល់ជូនសមត្ថកិច្ចជំនាញផងដែរ។ ជាមួយនេះផងដែរ មេបញ្ជាការបណ្ដាកងឯកភាពមួយចំនួន ក៏បានឡើងរាយការណ៍ និងបានធ្វើការប្ដេជ្ញាចិត្តក្នុងការការពារធនធានធម្មជាតិ ដែលជារបស់យើងទាំងអស់គ្នា។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានរួមសហការគ្នា ក្នុងការបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ ពិសេសក្នុងរយៈពេលចុងក្រោយនេះ បានបង្ក្រាបឧបករណ៍នេសាទល្មេីសច្បាប់បានជាច្រើនម៉ឺនម៉ែត្រ និងបានចាក់ប្រលែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញបានរាប់រយគីឡូក្រាម។ ហើយជាមួយនោះដែរ កងកម្លាំងការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ ក៏បានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយការពារបានមិនឱ្យមានការកាប់ទន្ទ្រានដីព្រៃឈើរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិបានទៀតឡើយ។ ហើយការដឹកជញ្ជូនឈើខុសច្បាប់បច្ចុប្បន្នមានការថយចុះគួរឲ្យកត់សម្គាល់ ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ នៅក្នុងឱកាសដែលមន្ត្រីជំនាញឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ។ ចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវធ្វើការផ្លាស់ប្ដូរវេនគ្នាឈប់សម្រាកនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ  តែចាំបាច់ត្រូវតែទទួលខុសត្រូវក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិឱ្យបាន ដោយមិនត្រូវទុកឱកាសឲ្យក្រុមជនល្មើសលួចប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ក្នុងឱកាសដែលមន្ត្រីឈប់សម្រាកបានឡើយ៕

ដោយ៖ សំនៀង

To Top