នាយករដ្ឋមន្ដ្រីកម្ពុជា មិនអនុញ្ញាតឱ្យវិនិយោគ ផលិតបារីអេឡេត្រូនិច នៅកម្ពុជានោះទេ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា មិនអនុញ្ញាតឱ្យមានការ វិនិយោគផលិតបារីអេឡេត្រូនិច ឬវេប នៅកម្ពុជានោះទេ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ។
ការថ្លែងប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៅព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦។
សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាល ក៏មិនបានអនុវត្តឱ្យផលិតបារីអេឡេត្រូនិចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ លើសពីនេះ សម្ដេច បានក្រើនរំលឹកឱ្យហាមការផ្សព្វផ្សាយ និងជក់បារីអេឡិចត្រូនិចគ្រប់ទីកន្លែង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំ បានប្រកាសជាសាធារណៈ ខ្ញុំ បានណែនាំក្រសួងពាក់ព័ន្ធរបស់យើង បើជួបជាមួយបរទេស បើគេមកសុំផលិតបារីអេឡេត្រូនិច ឬមួយវេប នៅស្រុកខ្មែរ គឺហាម មិនទទួលទេ ការវិនិយោគនេះ ទោះបីផលិតនាំចេញក៏ដោយ គឺអត់ទេ»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ព្រោះថា ផលិតនាំចេញបារីអេឡេត្រូនិច គឺពិបាកគ្រប់គ្រង ហើយ សម្ដេច បានជ្រើសរើសយកប្រជាពលរដ្ឋរាប់លាននាក់ ដើម្បីបិទការជក់បារីអេឡិចត្រូនិចនៅប្រទេសកម្ពុជា៕
