ក្រុមហ៊ូធី ព្រមានប្រឆាំង នឹងការចូលរួមរបស់បរទេស ក្នុងជម្លោះនៅយេម៉ែន ខណៈការប្រយុទ្ធគ្នា កំពុងកើនឡើងខ្លាំង
សាណា៖ ក្រុមហ៊ូធី របស់យេម៉ែ នបានព្រមានថា ខ្លួនអាចនឹងបង្កើនការវាយប្រហារលើព្រលានយន្តហោះ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងធ្វើការសងសឹក ចំពោះប្រទេសបរទេសណាមួយ ដែលចូលរួមក្នុងជម្លោះនេះ ខណៈដែលការប្រយុទ្ធគ្នាកំពុងកើនឡើងខ្លាំង នៅតាមបណ្តោយឆ្នេរសមុទ្រក្រហម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់យេម៉ែន។
នៅក្នុងបទសម្ភាសន៍មួយដែលផ្សាយដោយស្ថានីយទូរទស្សន៍ Al Mayadeen ដែលមានមូលដ្ឋាននៅប្រទេសលីបង់ លោក Mohammed al-Bukhaiti សមាជិកការិយាល័យ នយោបាយរបស់ក្រុមហ៊ូធី បានឧ្យដឹងថា កងកម្លាំងរដ្ឋាភិបាលបានទម្លុះខ្សែត្រៀម ការពាររបស់ក្រុមហ៊ូធី ក្នុងអំឡុងពេលនៃការវាយលុកចុងក្រោយ របស់ពួកគេកាលពីថ្ងៃចន្ទ ប៉ុន្តែលោកអះអាងថា ការវាយលុកនោះត្រូវបានទប់ស្កាត់វិញហើយ។
លោកបានលេីកឡេីងថា «ពិតជាមានការទម្លុះខ្សែត្រៀមការពារមែន ប៉ុន្តែយើងបានបិទខ្ទប់វាវិញហើយ»។
លោកក៏បានលើកឡើងផងដែរថា ក្រុមនេះមានសមត្ថភាពយោធា ដើម្បីបិទដំណើរការព្រលានយន្តហោះ និងកំពង់ផែសមុទ្ររបស់អារ៉ាប៊ីសាអូឌីត ដោយព្រមានថា អរិភាព ដែលបន្តកើតមានអាចធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត របស់អារ៉ាប៊ីសាអូឌីត ប្រឈមនឹងការវាយប្រហារ។
ពាក់ព័ន្ធនឹងលទ្ធភាពនៃការចូលរួមពីសំណាក់ប្រទេសក្នុងតំបន់ លោក al-Bukhaiti បានឧ្យដឹងថា ក្រុមហ៊ូធី មិនរំពឹងថាប្រទេសតួកគី ឬប៉ាគីស្ថាន នឹងចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការប្រយុទ្ធនៅខាងក្នុងប្រទេសយេម៉ែននោះទេ ប៉ុន្តែលោកបានព្រមានថា ក្រុមនេះនឹងចាត់ទុកសូម្បីតែការចូលរួមដោយប្រយោលថា ជាការចូលរួមក្នុងសង្គ្រាម ហើយនឹងត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតប៕
ប្រែសម្រួល ឈូក បូរ៉ា
