អ៊ីស្រាអែល បដិសេធមិនអនុញ្ញាត ឱ្យក្រុមការងាររបស់គណៈកម្មការ រៀបចំការបោះឆ្នោតប៉ាឡេស្ទីន ចូលទៅកាន់តំបន់ហ្គាហ្សា និងទីក្រុងយេរ៉ូសាឡឹមខាងកើត
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មាន និងព័ត៌មានប៉ាឡេស្ទីន (WAFA) បានរាយការណ៍ថា រដ្ឋាភិបាលអ៊ីស្រាអែល បានបដិសេធមិនផ្តល់ការអនុញ្ញាតដល់ក្រុមការងាររបស់គណៈកម្មការកណ្តាលរៀបចំការបោះឆ្នោត ប៉ាឡេស្ទីន (CEC) ដើម្បីចូលទៅកាន់តំបន់ហ្គាហ្សា និងក្រុងយេរ៉ូសាឡឹមខាងកើត ក្នុងគោលបំណង ត្រួតពិនិត្យការរៀបចំ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភា។
ដោយដកស្រង់សម្តីមន្ត្រីប៉ាឡេស្ទីនមួយរូប សារព័ត៌មាន WAFA បានចុះផ្សាយថា សកម្មភាពនេះអាចបង្កជាភាពស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំការបោះឆ្នោតឱ្យបានដំណាលគ្នានៅក្នុងតំបន់ទាំងបីរបស់ប៉ាឡេស្ទីន។
ការបដិសេធរបស់អ៊ីស្រាអែលនេះបានកើតឡើងនៅពេលដែលគណៈកម្មការ CEC កំពុងរៀបចំបញ្ចប់នីតិវិធីបច្ចេកទេសសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា។
ស្ថានភាពនៃក្រុងយេរ៉ូសាឡឹមខាងកើត និងតំបន់ហ្គាហ្សា បានបង្កជាសំណួរថាតើការបោះឆ្នោត អាចប្រព្រឹត្តទៅតាមកាលកំណត់ ដោយមានការចូលរួមពីគ្រប់តំបន់ របស់ប៉ាឡេស្ទីនបានដែរឬទេ។
ប្រភពព័ត៌មានប៉ាឡេស្ទីនមួយ ដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួ កាលពីពេលមុនថា ការបរាជ័យក្នុងការរៀបចំការបោះឆ្នោត នៅក្រុងយេរ៉ូសាឡឹមខាងកើត និងតំបន់ហ្គាហ្សា ក្នុងពេលដំណាលគ្នា ជាមួយតំបន់វេសប៊ែង នឹងនាំឱ្យមានការពន្យារពេលការបោះឆ្នោត៕
ប្រែសម្រួល ឈូក បូរ៉ា
