ព័ត៌មានអន្តរជាតិ

ទប់ទល់ឥទ្ធិពលចិន ៖ ជប៉ុនត្រៀមបញ្ចូលការ សិក្សាពីនាវាមុជទឹក ថាមពលនុយក្លេអ៊ែរ ទៅក្នុងយុទ្ធសាស្ត្រសន្តិសុខថ្មី

តូក្យូ៖ ប្រភពដែលដឹងពីបញ្ហានេះបានទម្លាយកាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនអាចនឹងបញ្ចូលការលើកឡើងអំពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ (Nuclear-powered submarines) ទៅក្នុងឯកសារសន្តិសុខជាតិសំខាន់ៗ ដែលនឹងត្រូវកែសម្រួលនៅដំណាច់ឆ្នាំនេះ ដោយអាចកំណត់បញ្ហានេះ ជាប្រធានបទសម្រាប់ការស្រាវជ្រាវ និងការជជែកដេញដោលបន្ថែម ខណៈដែលប្រទេសនេះ កំពុងស្វែងរកការពង្រឹងសមត្ថភាព ទប់ស្កាត់ការគំរាមកំហែងផ្នែកយោធា នេះបើតាមការចេញផ្សាយពីសារព័ត៌ជប៉ុន Kyodo ថ្ងៃទី៧​ ខែតុលា ឆ្នាំ២០២៦។

សមាជិកសភាមួយចំនួនក្នុងក្រុមចម្រុះកាន់អំណាច ចង់ឱ្យប្រទេសជប៉ុនពិចារណាលើការទិញយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប៉ុន្តែបញ្ហានេះនៅតែជាប្រធានបទដ៏រសើបនៅឡើយ ។ ប្រភពដដែលបានបញ្ជាក់ថា រាល់ការលើកឡើងអំពីនាវាប្រភេទនេះនៅក្នុងឯកសារផ្លូវការ ទំនងជានឹងមិនឈានដល់ការបង្ហាញថា ជប៉ុនបានសម្រេចចិត្តទិញយក ឬបំពាក់វានោះឡើយ។

គំនិតនេះបានលេចឡើងនៅក្នុងរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi ស្របពេលដែលការងារកែសម្រួលឯកសារយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការពារជាតិ និងសន្តិសុខរបស់ជប៉ុន កំពុងបន្តដំណើរការ។

មន្ត្រីរដ្ឋាភិបាលមួយរូប បានលើកឡើងថា ៖ «ប្រសិនបើយើងបញ្ជាក់ថា បញ្ហាពាក់ព័ន្ធនឹងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ នឹងត្រូវបានយកមកពិចារណា នោះវានឹងធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងការបើកកិច្ចពិភាក្សាជាក់ស្តែង ដោយមិនគិតថាតើនាវាទាំងនោះនឹងត្រូវទិញយក ឬយ៉ាងណានោះទេ»។

ច្បាប់របស់ប្រទេសជប៉ុន បានកម្រិតការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់តែគោលបំណងសន្តិវិធីប៉ុណ្ណោះ ហើយរដ្ឋបាលអាណត្តិមុនៗ តែងតែប្រកាន់ជំហរថា ថាមពលនេះមិនអាចយកមកប្រើប្រាស់ដើម្បីដំណើរការនាវាមុជទឹករបស់កងកម្លាំងស្វ័យការពារ (SDF) បានឡើយ។ បន្ថែមពីនេះ ជប៉ុនបានប្រកាន់ខ្ជាប់ជាយូរមកហើយនូវ «គោលការណ៍គ្មាននុយក្លេអ៊ែរទាំងបី» រួមមាន ការមិនកាន់កាប់ មិនផលិត និងមិនអនុញ្ញាតឱ្យនាំចូលអាវុធនុយក្លេអ៊ែរមកលើទឹកដីរបស់ខ្លួន។

ទោះជាយ៉ាងណា សមាជិកមួយចំនួននៃក្រុមអ្នកជំនាញរដ្ឋាភិបាលដែលកំពុងត្រួតពិនិត្យឯកសារទាំងនេះ បានអំពាវនាវឱ្យមានការបំពាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយសារតែការកើនឡើងនៃឥទ្ធិពល និងសកម្មភាពយោធារបស់ប្រទេសចិន ដែលជាមហាអំណាចនុយក្លេអ៊ែរក្នុងតំបន់។ ជាមួយគ្នានេះ គណបក្សច្នៃប្រឌិតជប៉ុន (Japan Innovation Party) ដែលជាដៃគូចម្រុះរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី Takaichi ក៏បានបង្ហាញបំណងចង់ឱ្យប្រទេសជប៉ុនទទួលបាននាវាប្រភេទនេះផងដែរ។

ប្រែសម្រួល៖​គីរិ

To Top