Feature

រុស្ស៊ី​ បេីកការវាយប្រហារជាថ្មីលេីមជ្ឈមណ្ឌលទិន្នន័យចំនួន​ ៤​ របស់អ៊ុយក្រែន

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី​ បានប្រកាសថា កងកម្លាំងរុស្ស៊ី​ បានវាយប្រហារលើមជ្ឈមណ្ឌលទិន្នន័យ Parkovyi, Ukrtelecom, Giga និង Podolskyi របស់អ៊ុយក្រែន ដើម្បីកាត់បន្ថយសមត្ថភាពទំនាក់ទំនងរបស់ប្រទេសនេះ និងរំខានដល់ការដឹកជញ្ជូនផ្នែកភស្តុភារយោធា ក៏ដូចជាការបញ្ជា និងគ្រប់គ្រងកងទ័ព។

ក្រសួងបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ី​ ក៏បានវាយប្រហារគោលដៅជាច្រើននៅក្នុងតំបន់ Odesa ផងដែរ រួមមានឃ្លាំងស្តុកមីស៊ីល និងអាវុធធុនធ្ងន់ (កាំភ្លើងធំ) នាវាដឹកទំនិញស្ងួតដែលកំពុងដឹកជញ្ជូនសម្ភារៈយោធា និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ​ ដែលប្រើប្រាស់សម្រាប់ការលើកដាក់ និងស្តុកទុកទំនិញយោធា។

នៅព្រឹកថ្ងៃអង្គារ អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក ចំនួន ៦៥០ គ្រឿងត្រូវបានស្ទាក់ចាប់ ខណៈដែលយន្ដហោះដ្រូនទាំងនោះ​ ហោះហើរឆ្ពោះទៅកាន់រដ្ឋធានីរបស់រុស្ស៊ី​ នៅពេលយប់។ 

យោងតាមទីភ្នាក់ងារព័ត៌មាន TASS ការវាយប្រហារនេះ​ គឺជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតមួយរបស់អ៊ុយក្រែន​ ទៅលើតំបន់ទីក្រុងមូស្គូ​ ក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ។

លោក Andrei Vorobyov អភិបាលតំបន់មូស្គូ បានរាយការណ៍ថា មនុស្ស ២ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងតំបន់នេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top