ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងរុស្ស៊ី ប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ជាយុទ្ធសាស្ត្រ

តេអេរ៉ង់៖ យោងតាមការិយាល័យប្រធានាធិបតីអ៊ីរ៉ង់​ បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន​ បានអំពាវនាវឱ្យមានការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ “បែបយុទ្ធសាស្ត្រ” រវាងប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយនៅលើគេហទំព័រនៃការិយាល័យប្រធានាធិបតីអ៊ីរ៉ង់បានឱ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយ ប្រធានាធិបតីអ៊ីរ៉ង់​ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្ត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗគ្នារវាងប្រទេសទាំងពីរ ដោយបន្ថែមថាការបន្តដំណើរនេះនឹងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។

ចំណែកឯលោក ពូទីន​ វិញ បានឧ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសរបស់លោក និងអ៊ីរ៉ង់ ក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ពួកគេ នៅតែបន្តដំណើរការទោះបីជាមានការវិវត្ត និងព្រឹត្តិការណ៍នានាកំពុងកើតឡើងនៅក្នុងតំបន់ក៏ដោយ ដោយលោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់។

លោក ពូទីន​ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយចំនួនក្នុងការសម្របសម្រួលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងការចូលរួមចំណែកក្នុងការកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់អាស៊ីខាងលិច ដោយសង្កត់ធ្ងន់ថា រុស្ស៊ីគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបែបនេះ និងត្រៀមខ្លួនរួចរាល់ក្នុងការដើរតួនាទីឆ្ពោះទៅរកគោលដៅនោះ។
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​ បានបើកការវាយប្រហាររួមគ្នាទៅលើទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់។

អ៊ីរ៉ង់​ បានឆ្លើយតបវិញដោយការវាយប្រហារជាបន្តបន្ទាប់តាមរយៈមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដោយកំណត់គោលដៅលើអ៊ីស្រាអែល និងមូលដ្ឋានព្រមទាំងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយបានបង្កើនការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហ័រមូស៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top