Feature

ជំនន់ទឹកភ្លៀង បង្កអោយជន់លិចមន្ទីរពេទ្យ បង្អែកស្រុកក្រគរ អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមទាំងយប់ ជម្លៀសអ្នកជម្ងឺ ចំនួន១៥២នាក់ ទៅកាន់ទីទួលសុវត្ថិភាព

ពោធិ៍សាត់ ៖ នាវេលាម៉ោង ១០:០០យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជា និងចុះដោយផ្ទាល់ ពីសំណាក់លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយកងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ បានសហការគ្នាយ៉ាងស្រស្រាក់ស្រាំ បានធ្វើអន្តរាគមន៍ ជម្លៀសប្រជាពលរដ្ឋជាអ្នកជំងឺចំនួន ១៥២នាក់ បន្ទាប់ពីទីតាំងមន្ទីរពេទ្យបង្អែកស្រុកក្រគរ បានរងការជន់លិ ចយ៉ាងដំណំដោយសារជំនន់ទឹកភ្លៀង។

បច្ចុប្បន្នប្រជាពលរដ្ឋ ជាអ្នកជំងឺទាំងអស់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន រួមមាន សាលាស្រុកក្រគរ និងស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកក្រគរ ដើម្បីទទួលបានការស្នាក់នៅ មើលថែទាំ និងបន្តការព្យាបាលប្រកបដោយសុវត្ថិភាព។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បាន អំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀងនេះ ដោយត្រូវប្រុងប្រយ័ត្នមើលថែទាំកុមារតូចៗ និងមនុស្សចាស់ឱ្យបានល្អ និងត្រូវប្រយ័ត្នប្រយែងចំពោះសត្វអាសិរពិសផ្សេងៗ។ លើសពីនេះ បងប្អូនត្រូវប្រកាន់ខ្ជាប់ នូវអនាម័យល្អ រក្សាការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីការពារ និងទប់ស្កាត់ការផ្ទុះឡើង នៃជំងឺឆ្លងផ្សេងៗដែលបង្កឡើង ដោយទឹកជំនន់ ហើយក្នុងករណីមានអាសន្ន ឬបញ្ហាសុខភាព ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យជាបន្ទាន់ ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top