លោកសេង ទៀង និង លោក ខូយ រីដា អញ្ជើញចុះជួបស្ត្រីម៉េម៉ាយម្នាក់ ដែលមានកូន១៧នាក់ (ស្លាប់៥នាក់)ហើយមានជីវភាពក្រលំបាក ដោយប្តីបានចុះចោល ទៅមានប្រពន្ធថ្មី នៅស្រុកបាកាន
ពោធិ៍សាត់ ៖ គ្រួសារមួយរស់នៅក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានចាប់ដៃគ្នា កសាង ជីវិតតាំងពីវ័យជាង១០ឆ្នាំ មានកូនរហូតដល់ទៅ១៧នាក់ ស្រាប់តែបែកបាក់គ្នាដោយ បុរសជាប្តីទៅមានប្រពន្ធថ្មី ។

គ្រួសារនេះ បុរសជាប្តីមានឈ្មោះ គា ចន្ធី អាយុ ៤៧ឆ្នាំ រីឯស្ត្រីជាភរិយាឈ្មោះ សែម សុខ ឃឿន អាយុ ៤៥ឆ្នាំ។ ពួកគាត់ទាំងពីរនាក់ បានរៀបការនឹងគ្នាកាលពីឆ្នាំ១៩៩៥ មានកូន ជា ចំណងដៃចំនួន១៧នាក់ ប៉ុន្តែកូន៥នាក់ បានស្លាប់ដោយសារជំងឺយូរឆ្នាំមកហើយ។ បច្ចុ ប្បន្ន កូននៅរស់ ១២នាក់ ប្រុស ៨នាក់ ស្រី ៤នាក់។ កូនបងគេអាយុ ២៤ឆ្នាំ ហើយកូនចុងក្រោយ មាន អាយុ ទើប ១១ខែ ប៉ុណ្ណោះ។

គ្រួសារនេះ បានចែកផ្លូវគ្នាជាងមួយឆ្នាំមកហើយ ដោយបុរសជាប្តីទៅមានប្រពន្ធថ្មី បន្សល់ ទុកកូនតូចៗឱ្យប្រពន្ធចិញ្ចឹមបីបាច់តែឯងជាមួយជីវភាពក្រីក្រ។ ដោយមើលឃើញពីការ លំបាករបស់ស្ត្រីជាម្តាយ និងកូនៗ ព្រមទាំងខឹងសម្បាចំពោះបុរសជាប្តីឥតមានធម៌មេត្តា ចំពោះកូនៗ និងប្រពន្ធផង។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញអមដំណើរ លោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងភរិយា បានចុះទៅដល់គេហដ្ឋានរបស់គ្រួសារខាងលើ បន្ទាប់ពីបញ្ចប់ការងារអមដំណើរ សម្តេចនាយករដ្ឋមន្ត្រី ចែកពូជស្រូវ និងស្បៀងអាហារជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹក ភ្លៀង នៅខេត្តពោធិ៍សាត់។

លោក សេង ទៀង បានហៅបុរសជាប្តីមកជួបដោយផ្ទាល់ ដើម្បីសួរនាំពីបញ្ហាផ្តល់ការអប់រំ និងទាមទារឱ្យចេញថ្លៃអាហារកិច្ចដល់កូនៗ។ លោក សេង ទៀង បានទូន្មានទៅបុរសជាប្តីនោះថា ទង្វើចុះចោលផ្ទះមានប្រពន្ធមិនជួយ ចិញ្ចឹមកូនតូចៗ ជាទង្វើខ្វះទំនួលខុសត្រូវ ខ្វះធម៌មេត្តា ការអាណិតអាសូរចំពោះកូនៗ។ បន្ថែមពីលើនោះ ទង្វើបែបនេះ ជាការខុសទៅនឹងច្បាប់ឯកពន្ធភាព ដែលកំណត់ ឱ្យប្រពន្ធ តែ មួយ។
ក្នុងឱកាសនោះ លោក សេង ទៀង មិនទាមទារ ឱ្យបុរសនេះ ត្រឡប់មករកប្រពន្ធ និងកូនវិញនោះទេ តែលោកទាមទារឱ្យបុរសជាប្តី ត្រូវជួយថ្លៃអាហារកិច្ចចិញ្ចឹមកូនៗ។

នៅចំពោះលោក សេង ទៀង និងមានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្ត ព្រមទាំងអាជ្ញាធរស្រុក ឃុំ និងកម្លាំងនគរបាលផងនោះ បុរសជាប្តីបានសន្យាជួយ ថ្លៃអាហារកិច្ចមួយខែ៥០ម៉ឺនរៀល។
ក្នុងគ្រួសារនេះ ក្នុងមួយថ្ងៃហូបបាយ២០កំប៉ុង ស្មើនឹងប្រមាណ៤គីឡូក្រាម ហើយមួយខែ អស់១២០គីឡូក្រាម។ ដោយក្តីអាណិតក្មេងៗ និងឃើញពីការលំបាកក្នុងជីវភាពរបស់ ម្តាយ នោះ លោក សេង ទៀង បានសម្រេចជួយឧបត្ថម្ភជាអង្ករមួយខែ ១០០គីឡូក្រាម និង ជួយ ជាសាច់ជ្រូកមួយថ្ងៃ២គីឡូក្រាម។
ការជួយប្រកបដោយទឹកចិត្តសប្បុរសរបស់ឯកឧត្តម សេង ទៀង ជាការជួយរំលែក ការ លំ បាក ក្នុងជីវភាពប្រចាំថ្ងៃ ហើយក៏ជួយឱ្យក្មេងៗទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់។
លោក សេង ទៀង ក៏បានផ្តាំផ្ញើទៅស្ត្រីជាម្តាយ ព្រមទាំងអាជ្ញាធរនៅមូលដ្ឋាននោះ ជួយឱ្យកូនតូចៗបានរៀនគ្រប់គ្នា ដើម្បីមានតម្រិះសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃមុខ។

ដំណើរចុះទៅកាន់ផ្ទះគ្រួសារខាងលើ លោក សេង ទៀង មិនត្រឹមចាត់ចែងការឧបត្ថម្ភ សម្រាប់ គ្រួសារនេះប៉ុណ្ណោះទេ តែក៏បានអំណោយជាអង្ករ មី ទឹកបរិសុទ្ធ ព្រមទាំងនាំបាយ និងម្ហូបជូនដល់គ្រួសារនេះថែមទៀត។
ស្ត្រីជាម្តាយ បានបង្ហាញក្តីត្រេកអរ ចំពោះទឹកចិត្តរបស់លោក សេង ទៀង ជាមនុស្សមិនជាប់សាច់ឈាមគ្នា តែមានទឹកចិត្តសប្បុរស សណ្តោប្រណីជួយដល់គ្រួសាររបស់អ្នកស្រី។ អ្នកស្រី សែម សុខឃឿន មិនមានអ្វីមកពិពណ៌នា ររៀបរាប់អស់ចំពោះទឹកចិត្តនេះឡើយ៕
ប្រភព÷រដ្ឋបាលខេត្តពោអិ៍សាត់



