Feature

អាមេរិក​ ចាត់ទុកកូរ៉េខាងជើង និងអ៊ីរ៉ង់ ជាប្រទេសដែលគួរឱ្យព្រួយបារម្ភនៅក្នុងគំនិតផ្តួចផ្តើមសន្តិសុខសាយប័រដែលពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI)

វ៉ាស៊ីនតោន៖​ យោងតាមទិន្នន័យរបស់សភាអាមេរិក​បានឧ្យដឹងថា​ សមាជិកសភាសហរដ្ឋអាមេរិក​ បានដាក់ស្នើសេចក្តីព្រាងច្បាប់មួយក្នុងគោលបំណងពង្រឹងការការពារសន្តិសុខសាយប័ររបស់អាមេរិក ប្រឆាំងនឹងការវាយប្រហារដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ នៅក្នុងសេចក្តីព្រាងច្បាប់នោះ កូរ៉េខាងជើង និងអ៊ីរ៉ង់ ត្រូវបានចាត់ទុកជាប្រទេស​ ដែលគួរឱ្យព្រួយបារម្ភ។

សេចក្តីព្រាងច្បាប់ស្តីពីការការពារសន្តិសុខសាយប័រដោយប្រើបញ្ញាសិប្បនិម្មិត ដែលត្រូវបានស្នើឡើងដោយសមាជិកសភា Pat Harrigan (គណបក្សសាធារណរដ្ឋ រដ្ឋ North Carolina) និងសមាជិកសភា George Whitesides (គណបក្សប្រជាធិបតេយ្យ រដ្ឋ California) ហើយត្រូវបានបញ្ជូនទៅកាន់គណៈកម្មាធិការសភាទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ លំហអាកាស និងបច្ចេកវិទ្យា នឹងតម្រូវឱ្យវិទ្យាស្ថានជាតិស្តង់ដារ និងបច្ចេកវិទ្យា (NIST) សហការជាមួយភាគីពាក់ព័ន្ធផ្នែកបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យឯកជន ដើម្បីបង្កើតស្តង់ដារស្ម័គ្រចិត្ត និងការអនុវត្តល្អបំផុត សម្រាប់ការរកឃើញ និងទប់ស្កាត់ការវាយប្រហារតាមទម្រង់ “AI distillation” (ការផ្ទេរចំណេះដឹង ឬសមត្ថភាពពីគំរូ AI មួយទៅគំរូមួយទៀត)។

សេចក្តីព្រាងច្បាប់នេះបានចាត់ទុកប្រទេសកូរ៉េខាងជើង ចិន រុស្ស៊ី អ៊ីរ៉ង់ និងគុយបា ថាជាប្រទេស​ ដែលគួរឱ្យព្រួយបារម្ភ។​ វិធានការនេះតម្រូវឱ្យ NIST ធ្វើការជាមួយភាគីពាក់ព័ន្ធផ្នែក AI ក្នុងវិស័យឯកជន ក្នុងរយៈពេល ១៨០ ថ្ងៃបន្ទាប់ពីច្បាប់នេះចូលជាធរមាន ដើម្បីកំណត់និយមន័យនៃអ្វីដែលហៅថា “ការវាយប្រហារតាមទម្រង់ AI distillation” ព្រមទាំងបង្កើតស្តង់ដារស្ម័គ្រចិត្ត និងការអនុវត្តល្អបំផុតសម្រាប់រកឃើញ និងទប់ស្កាត់ការវាយប្រហារទាំងនោះ។

“AI distillation” សំដៅលើបច្ចេកទេសមួយដែលចំណេះដឹង ឬសមត្ថភាពពីគំរូ AI មួយ ត្រូវបានផ្ទេរទៅកាន់គំរូ AI មួយផ្សេងទៀត។

លើសពីនេះ សេចក្តីព្រាងច្បាប់នេះក៏តម្រូវឱ្យ NIST បង្កើតវេទិកាពិភាក្សាស្តីពីសន្តិសុខសាយប័រសម្រាប់ AI (AI Cybersecurity Roundtable) ក្នុងរយៈពេល ១៨០ ថ្ងៃបន្ទាប់ពីច្បាប់ចូលជាធរមាន ដើម្បីបង្កើតស្តង់ដារស្ម័គ្រចិត្ត និងការអនុវត្តល្អបំផុត ពាក់ព័ន្ធនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងន័យការពារ ដើម្បីគោលបំណងសន្តិសុខសាយប័រ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top