Feature

ប្រភពនានាឱ្យដឹងថា សហរដ្ឋអាមេរិក និងកាណាដាកំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងមួយ ដើម្បីបន្ធូរបន្ថយពន្ធលើរថយន្ត និងដែកថែបពីកាណាដា

បរទេស៖ ប្រភពព័ត៌មានចំនួន ២ ពីសហរដ្ឋអាមេរិក និង ៤ ពីប្រទេសកាណាដា បានឱ្យដឹងថា សហរដ្ឋអាមេរិក និងកាណាដាកំពុងចរចាលើកិច្ចព្រមព្រៀងមួយដើម្បីបន្ធូរបន្ថយពន្ធរបស់សហរដ្ឋអាមេរិកលើដែកថែប និងរថយន្តរបស់កាណាដា។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីទំនាក់ទំនងនេះបានធ្លាក់ចុះដុនដាបនៅពេលដែលការចរចាពាណិជ្ជកម្មបានបរាជ័យកាលពីខែសីហា។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ថា ការចរចានេះផ្តោតលើពន្ធដែលត្រូវបានដាក់ចេញក្រោមមាត្រា ២៣២ (Section 232) នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលរួមមានពន្ធរហូតដល់ ៥០% លើដែកថែបកាណាដា និង ២៥% លើរថយន្ត ដោយភាគីចរចាកំពុងពិភាក្សាអំពីលទ្ធភាពនៃការបន្ធូរបន្ថយពន្ធទាំងនេះ។

បច្ចុប្បន្ន មានប្រជាជនអាមេរិកត្រឹមតែ ៣២% ប៉ុណ្ណោះដែលគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ ហើយគណបក្សសាធារណរដ្ឋរបស់លោក ក៏កំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់ការគ្រប់គ្រងសភា នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ។ ពន្ធលើទំនិញនាំចូលពីកាណាដាបានក្លាយជាបន្ទុកផ្នែកនយោបាយសម្រាប់លោក ត្រាំ ដោយបេក្ខជនមកពីគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋដែលមានព្រំដែនជាប់នឹងកាណាដា បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសកាណាដា។

ប្រភពមួយពីប្រទេសកាណាដា ដែលបានដឹងអំពីដំណើរការចរចានេះ បានលើកឡើងថា កិច្ចព្រមព្រៀងស្តីពីពន្ធលើដែកថែប និងរថយន្ត អាចនឹងកើតឡើងមុនការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា។ ទន្ទឹមនឹងនេះ ប្រភពពីសហរដ្ឋអាមេរិកបានឱ្យដឹងថា រដ្ឋបាលរបស់លោក ត្រាំ ចង់ឱ្យកាណាដាធ្វើការសម្បទានបន្ថែមទៀត។ ប្រភពទាំងនេះបានស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារតែការចរចានេះគឺជាការពិភាក្សាផ្ទៃក្នុង។

ប្រែសម្រួលៈ តុលា

To Top