អាមេរិក ប្តេជ្ញាបន្តគាំទ្រកម្ពុជា ដើម្បីសម្រេចគោលដៅ គ្មានផលប៉ះពាល់ពីគ្រាប់មីន ត្រឹមឆ្នាំ២០៣៥
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកស្រី Rachel Schiller ឧបការីរង នៃក្រសួងការបរទេសអាមេរិក បានបញ្ជាក់ជាថ្មី ពីជំហររឹងមាំរបស់សហរដ្ឋអាមេរិក ក្នុងការបន្តគាំទ្រកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមនៅកម្ពុជា។

ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅទីស្នាក់ការអាជ្ញាធរមីន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក សម្រាប់ភាពជាដៃគូដ៏យូរអង្វែងជាង ៣០ឆ្នាំ។ គិតចាប់តាំងពីឆ្នាំ១៩៩៣ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាគាំទ្រប្រមាណ ២៣៥ លានដុល្លារអាមេរិក ដែលបានរួមចំណែករំដោះដីមានមីនជាង ៧១៤ គីឡូម៉ែត្រការ៉េ និងបំផ្លាញចោលគ្រាប់មីនព្រមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៦៦០,០០០ គ្រាប់។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនភាគីអាមេរិកអំពីវឌ្ឍនភាពប្រវត្តិសាស្ត្រ និងការដាក់ចេញនូវ «គោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥» ដែលជាផែនការយុទ្ធសាស្ត្ររយៈពេលវែង របស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ការគំរាមកំហែងពីគ្រាប់មីន និងពង្រឹងការសង្គ្រោះជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព ។

លោកស្រី Rachel Schiller បានកោតសរសើរ ចំពោះភាពជាដឹកនាំ និងសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបាន ព្រមទាំងការចូលរួមចែករំលែកបទពិសោធន៍ របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។ លោកស្រីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក នឹងបន្តឈរជើង ជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដើម្បីជំរុញ ឱ្យសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយកម្ពុជាទៅជាប្រទេសគ្មានផលប៉ះ ពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះត្រឹមឆ្នាំ២០៣៥ ៕
