ព័ត៌មានជាតិ

សម្តេចធិបតី ៖ ក្រុមប្រឆាំងបង្កើតរឿងប្លែកទៀតហើយ គឺបង្កើតរដ្ឋសភា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្រុមឧទ្ទាមជ្រុលនិយម នៅក្រៅប្រទេស បានបង្កើតរឿងថ្មីចម្លែកមួយទៀតហើយ គឺការបង្កើតរដ្ឋសភាខុសច្បាប់ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

ក្នុងពិធីអបអរសាទរ ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦សម្តេចធិបតី មានប្រសាសន៍ថា ពួកប្រឆាំងបានប្រមូលគ្នីគ្នាប្រមាណជា១ពាន់នាក់ បោះឆ្នោតបង្កើតរដ្ឋសភាមួយទៀត បន្ថែមពីលើការបង្កើតរាជរដ្ឋាភិបាល២៣តុលា កាលពីពេលន្លងមក ។

សម្តេចធិបតីបន្តថា “ឃើញស្អីណារដ្ឋាភិបាលបង្កើត១ពាន់នាក់បោះឆ្នោតសភា ។ តិចទៀតគេទៅដណ្តើមកៅអីអង្គការសហប្រជាជាតិ ពីរដ្ឋាភិបាលស្របច្បាប់… ទៅជាចឹងកើត យូរៗដូចប្លែកៗម៉េចទេ”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញញត្តិថ្កោលទោសដាច់អហង្ការបំផុត ចំពោះសកម្មភាពរបស់ពួកឧទ្ទាមក្រៅច្បាប់ ក្នុងការបង្កើត «រដ្ឋសភាខុសច្បាប់» នៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយចាត់ទុកទង្វើនេះជាការរំលោភលើរដ្ឋធម្មនុញ្ញ និងបំផ្លាញឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត៕

To Top