ព័ត៌មានអន្តរជាតិ

លោក Eisenkot គូប្រជែងរបស់លោក ណេតាន់យ៉ាហ៊ូ អះអាងថា ខ្លួនត្រៀមខ្លួនរួចរាល់ ក្នុងការបង្កើតរដ្ឋាភិបាល

យេរូសាឡឹម៖ លោក Gadi Eisenkot មេដឹកនាំបក្សប្រឆាំងអ៊ីស្រាអែល បានថ្លែងថា លទ្ធផលស្ទង់មតិក្រោយការបោះឆ្នោត ដែលបង្ហាញថា​ បក្សរបស់លោកនាំមុខសម្ព័ន្ធភាព កាន់អំណាចរបស់នាយករដ្ឋមន្ត្រី បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ នោះ គឺឆ្លុះបញ្ចាំងពី «ការបាត់បង់ទំនុកចិត្តទាំងស្រុង» លើរដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ។

លោកបានប្តេជ្ញាថានឹងចាត់វិធានការយ៉ាងឆាប់រហ័ស​ ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលនេះ ខណៈដែលការព្យាករណ៍នានា បានបង្ហាញពីភាពជាប់គាំងនៅក្នុងការបោះឆ្នោតសភា ។

លទ្ធផលស្ទង់មតិដោយស្ថានីយទូរទស្សន៍សាធារណៈ Kan​ TV និងស្ថានីយទូរទស្សន៍ពាណិជ្ជកម្ម Channel 13 បានព្យាករណ៍ថា បក្សរបស់លោក Eisenkot នឹងទទួលបានអាសនៈចំនួន ៥៣ ខណៈដែលបក្សរបស់លោក ណេតាន់យ៉ាហ៊ូ ទទួលបាន ៥០ អាសនៈ។

ចំណែកឯស្ថានីយទូរទស្សន៍ Channel 12 វិញ បានព្យាករណ៍ថា បក្សរបស់លោក Eisenkot ទទួលបាន ៥២ អាសនៈ និងបក្សរបស់លោក ណេតាន់យ៉ាហ៊ូ ទទួលបាន ៥០ អាសនៈ។ គ្មានបក្សណាមួយទទួលបានអាសនៈចំនួន ៦១ ដែលតម្រូវឱ្យមានសំឡេងភាគច្រើននោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Eisenkot ដែលជាមេដឹកនាំគណបក្ស Yashar បានលើកឡើងថា «ប្រសិនបើនេះជាលទ្ធផលចុងក្រោយ នោះវាគឺជាជ័យជម្នះសម្រាប់ក្រុមភាគច្រើន​ ដែលជាចរន្តនយោបាយចម្បងរបស់អ៊ីស្រាអែល»។

លោកបានប្តេជ្ញាថា​ នឹងចាត់វិធានការភ្លាមៗដើម្បី «អនុវត្តការសម្រេចចិត្តរបស់ប្រជាជន ផ្លាស់ប្តូររដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ និងបង្កើតរដ្ឋាភិបាលនិយមសាយអុន ដែលប្តេជ្ញាអនុវត្តការកេណ្ឌទាហានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

លោក Yair Golan មេដឹកនាំគណបក្ស Democrats ដែលមាននិន្នាការកណ្តាល​ និងគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីន បានឧ្យដឹងថា «ប្រជាជនបានបណ្តេញរដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ ចេញហើយ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top