Feature

លោក នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកយុទ្ធនាការឆន្ទៈល្អ លើកទី២ក្រោមប្រធានបទ « បន្តពង្រឹងការអនុវត្តវិធានការ ក្នុងការគ្រប់គ្រងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់ សុខុមាលភាពពលរដ្ឋ »

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួង គ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង អញ្ជើញជាអធិបតីបើកយុទ្ធនាការឆន្ទៈល្អ លើកទី២ ក្រោមប្រធានបទ « បន្តពង្រឹងការអនុវត្តវិធានការ ក្នុងការគ្រប់គ្រងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពពលរដ្ឋ » ជាផ្លូវការ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា យុទ្ធនាការនេះមានគោលដៅច្បាស់លាស់ គឺ ធ្វើឲ្យការផ្សព្វផ្សាយពាណិជ្ជកម្ម និងការធ្វើទីផ្សារ កាន់តែមាន សណ្តាប់ធ្នាប់ មានវិជ្ជាជីវៈ មានតម្លាភាព និងទទួលខុស ត្រូវចំពោះសង្គម ដោយរក្សាតុល្យភាពរវាង ការរីក ចម្រើនរបស់វិស័យឯកជន ការរីកចម្រើនរបស់ប្រព័ន្ធផ្សព្វផ្សាយ និងការការពារសុខុមាលភាព របស់ ប្រជាពលរដ្ឋ។ កម្មវិធីនេះរៀបចំឡើង ដោយក្រសួងព័ត៌មាន ក្រោមកិច្ចសហការជា មួយក្រុមហ៊ុន អឹម អេស អេ ម៉ាឃីតធីង សឹលូសិន អេស៊ា (MSA) និងសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ ពាណិជ្ជកម្ម កម្ពុជា និងមានការចូលរួម ឧបត្ថម្ភពីក្រុមហ៊ុនផលិតភេសជ្ជៈជាតិនិងអន្តរជាតិនៅកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះដៃគូទាំងអស់ ដែលបាន បង្ហា ញថា វិស័យសាធារណៈ និង វិស័យឯកជនអាចធ្វើការជាមួយគ្នាបាន ដើម្បីរកដំណោះស្រាយដែលទាំងសង្គម ទាំង អាជីវកម្ម និងប្រជាពលរដ្ឋអាចទទួលបានផលប្រយោជន៍រួម។ ការរៀបចំយុទ្ធនាការនៅថ្ងៃនេះ មិនមែនគ្រាន់តែជា ការ ផ្សព្វផ្សាយអំពីបទប្បញ្ញត្តិ ឬការបំពេញ នីតិវិធី រដ្ឋបាលប៉ុណ្ណោះទេ ។ នេះគឺជាឱកាសសំខាន់សម្រាប់យើងទាំងអស់គ្នា ក្នុងការបញ្ជាក់ពី គោលជំហររួមរវាង ការអភិវឌ្ឍសេដ្ឋកិច្ច និងការទទួលខុសត្រូវចំពោះសង្គម។

ប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានបន្តថា យើងត្រូវយល់ថា ក្នុងសេដ្ឋកិច្ចសម័យទំនើប ភាពជោគជ័យរបស់ក្រុមហ៊ុនមួយ មិនត្រូវវាស់ត្រឹមតែបរិមាណ លក់ ប្រាក់ ចំណេញ ឬចំ ណែកទីផ្សារប៉ុណ្ណោះទេ។ ត្រូវវាស់ផងដែរថា ក្រុមហ៊ុននោះមានទំនួលខុសត្រូវ ប៉ុណ្ណាចំពោះអតិថិជន ចំពោះសង្គម ចំពោះយុវជន ចំពោះស្ត្រី ចំពោះវប្បធម៌ជាតិ និងចំពោះសុខភាពសាធារណៈ។ អាជីវកម្មដែលល្អ គឺអាជីវកម្មអាច រីកចម្រើនដោយមិនផ្ទេរផលប៉ះពាល់ទៅឲ្យសង្គម។ ទីផ្សារដែលល្អ គឺទីផ្សារ ប្រកួតប្រជែងដោយគុណ ភាព ដោយនវានុវត្តន៍ ដោយតម្លៃ និងដោយទំនុកចិត្ត មិនមែនប្រកួតប្រជែងដោយវិធីជំរុញ ការប្រើប្រាស់លើសកម្រិត ឬការទាក់ទាញអ្នកប្រើប្រាស់ដោយគ្មានព្រំដែននោះទេ។

រាជរដ្ឋាភិបាល អាចដាក់គោលការណ៍ អាចបង្កើតបទប្បញ្ញត្តិ អាចណែនាំ និងត្រួតពិនិត្យ ប៉ុន្តែការផ្លាស់ប្តូរពិតប្រាកដ ត្រូវកើតឡើង នៅក្នុងបន្ទប់ប្រជុំរបស់ក្រុមហ៊ុន នៅពេលសម្រេចយុទ្ធសាស្ត្រទីផ្សារ នៅក្នុងទីភ្នាក់ងារផ្សព្វផ្សាយ ក្នុងស្ទូឌី យោផលិតមាតិកា នៅលើ Page Facebook នៅលើ TikTok YouTube Telegram និងនៅតាមផ្ទាំងប៉ាណូ និងនៅលើកញ្ចក់ទូរទស្សន៍ និងបណ្តាញវិទ្យុជាដើម។ហេតុនេះ គោលដៅរបស់យើងថ្ងៃនេះ គឺ បំលែងការយល់ដឹងទៅជាការអនុវត្ត បំលែងការប្តេជ្ញាចិត្តទៅជាលទ្ធផល និងបំលែងការអនុវត្តតាមច្បាប់ពីលើក្រដាស ទៅជាឥរិយាបថពិតប្រាកដក្នុងទីផ្សារ ៕

To Top