Feature

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ ផែនការអធិការកិច្ច និងតាមដានការអនុវត្តឆ្នាំ២០២៧នេះ គឺត្រូវផ្អែកលើហានិភ័យ មានរូបមន្តច្បាស់លាស់ និងពេលវេលាជាក់លាក់

ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ តាមដានវឌ្ឍនភាព ព្រមទាំងផ្ដល់ទិសដៅការងារពាក់ព័ន្ធការរៀបចំផែនការសកម្មភាពការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់ប្រចាំឆ្នាំ២០២៧ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ទទួលបន្ទុកការងារអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ នៅទីស្ដីការក្រសួង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុសផុលនិងហ្មត់ចត់លើការកំណត់ទិសដៅ និងផែនការសកម្មភាពអធិការកិច្ចសម្រាប់ការចុះធ្វើអធិការកិច្ច និងតាមដានការអនុវត្តច្បាប់តាមបណ្ដាក្រសួង/ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យចំគោលដៅផ្អែកលើហានិភ័យ និងឱ្យមានលទ្ធផលជាក់ស្តែង ប្រកបដោយសង្គតិភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យនិងកំណែទម្រង់របស់រាជរដ្ឋាភិបាល សំដៅចូលរួមចំណែកលើកកម្ពស់តម្លាភាព គុណភាព ប្រសិទ្ធភាព និងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ព្រមទាំងអភិបាលកិច្ច។

ជាពិសេស រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីថា៖ «ផែនការអធិការកិច្ចនិងតាមដានការអនុវត្តឆ្នាំ២០២៧នេះ គឺត្រូវផ្អែកលើហានិភ័យនិងមានរូបមន្តច្បាស់លាស់ ដោយកំណត់ពេលវេលាឱ្យបានជាក់លាក់នៃដំណើរការនៃការធ្វើអធិការកិច្ច ដែលខ្លឹមសារនិងពេលវេលាជាក់លាក់នៃការងារអធិការកិច្ចសំខាន់ៗត្រូវបញ្ចូលក្នុង វិធាននិងនីតិវិធីប្រតិបត្តិអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ ឱ្យបានពេញលេញ»

To Top