ព័ត៌មានជាតិ

អគ្គនាយក CMAC ប្រាប់មន្ដ្រីការបរទេសអាមេរិក ពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោមរបស់យោធាថៃ បាញ់លើទឹកដីកម្ពុជា

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC កម្ពុជា បានថ្លែងប្រាប់មន្ដ្រីការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះដែលយោធាថៃ បានបាញ់លើបូរណភាពទឹកដីកម្ពុជា។ ការថ្លែងប្រាប់របស់ លោកអគ្គនាយក CMAC នាឱកាសទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី Rachel Schiller ឧបការីរងទទួលបន្ទុកកម្មវិធី និងប្រតិបត្តិការ នៃការិយាល័យកិច្ចនយោបាយនិងយោធា នៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងលោក Ethan Rinks អ្នកគ្រប់គ្រងកម្មវិធី នៃការិយាល័យទទួលបន្ទុកការបោសសម្អាតមីន និងការកាត់បន្ថយអាវុធ ព្រមទាំងសហការី នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការស៊ីម៉ាក់។ លោក…

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC កម្ពុជា បានថ្លែងប្រាប់មន្ដ្រីការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះដែលយោធាថៃ បានបាញ់លើបូរណភាពទឹកដីកម្ពុជា។

ការថ្លែងប្រាប់របស់ លោកអគ្គនាយក CMAC នាឱកាសទទួលជួបស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី Rachel Schiller ឧបការីរងទទួលបន្ទុកកម្មវិធី និងប្រតិបត្តិការ នៃការិយាល័យកិច្ចនយោបាយនិងយោធា នៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងលោក Ethan Rinks អ្នកគ្រប់គ្រងកម្មវិធី នៃការិយាល័យទទួលបន្ទុកការបោសសម្អាតមីន និងការកាត់បន្ថយអាវុធ ព្រមទាំងសហការី នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការស៊ីម៉ាក់។

លោក អគ្គនាយក ក៏បានប្រាប់លោកស្រី និងគណៈប្រតិភូអំពីវឌ្ឍនភាពនៃសកម្មភាពបោសសម្អាតផ្ទៃដីដែលរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងការស្រាវជ្រាវ និងវាយតម្លៃស្ថានភាពគ្រោះថ្នាក់ ដើម្បីកំណត់តំបន់អាទិភាព និងធានាថាផ្ទៃដីដែលបានបោសសម្អាតរួចអាចប្រើប្រាស់ដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសហគមន៍។

លោក អគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសបានធ្វើអន្តរាគមន៍យ៉ាងសំខាន់ក្នុងការស្វែងរកដំណោះស្រាយសន្តិភាព និងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ។

ជាមួយគ្នានេះ លោក អគ្គនាយក ក៏បានជម្រាបជូនបន្ថែម អំពីផលប៉ះពាល់ដែលបង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះដែលយោធាថៃបានបាញ់លើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឈ្លានពានឆ្នាំ២០២៥កន្លងទៅ។

ជាការឆ្លើយតប លោកស្រី Rachel Schiller បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ សម្តេចធិបតី ក្នុងការប្រកាន់ជំហរសន្តិភាពដោយអនុវត្តន៍ម៉ឺងម៉ាត់នូវបទឈប់បាញ់និងបានពង្រឹងទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំសហរដ្ឋអាមេរិក។ លោកស្រី ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ដល់កម្លាំងជំនាញដែលកំពុងបំពេញប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោកស្រី ក៏បានបញ្ជាក់ជំហរបន្តគាំទ្រដល់សកម្មភាពបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធសង្គ្រាមនៅកម្ពុជាសម្រាប់បណ្តាឆ្នាំខាងមុខទៀត។

សូមរំលឹកថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិកបានផ្តល់ជំនួយដល់អង្គភាព CMAC តាមរយៈអង្គការ NPA មានហិរញ្ញប្បទានឥតសំណងសរុបចំនួន ៥លានដុល្លារ សម្រាប់គម្រោងរយៈពេល ១៨ខែ (មករា ឆ្នាំ២០២៦-មិថុនា ២០២៧)៕

To Top