ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងថា មិនមានកៅអីសម្រាប់អឺរ៉ុបនោះទេ នៅក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន

បរទេស៖ លោក Yuri Ushakov ជំនួយការម្នាក់នៅវិមានក្រឹមឡាំង បានថ្លែងកាលពីថ្ងៃពុធថា បណ្តានៅប្រទេសអឺរ៉ុបនឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន នៅពេលខាងមុខនោះទេ។ ការថ្លែងនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមេដឹកនាំនៃប្រទេសហ្វាំងឡង់ និងន័រវែស បានទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ថា ទីក្រុងមូស្គូបានយល់ព្រមជាគោលការណ៍ក្នុងការចូលរួមជុំទីបួននៃកិច្ចចរចាត្រីភាគី បន្ទាប់ពីជំនួបរវាងលោក Putin និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff នៅទីក្រុង St. Petersburg កាលពីសប្តាហ៍មុន។ ពេលវេលាដែលអាចធ្វើទៅបានគឺនៅពាក់កណ្តាលខែវិច្ឆិកា ដោយទីក្រុង Abu Dhabi ត្រូវបានស្នើឡើងជាទីតាំងសម្រាប់រៀបចំកិច្ចចរចានេះ។

លោក Ushakov បានប្រាប់បណ្តាញព័ត៌មាន Vesti ថា៖ «យើងបានព្រមព្រៀងគ្នាថា កិច្ចចរចាត្រីភាគីនឹងចាប់ផ្តើមឡើងវិញ ដោយមានការចូលរួមពីតំណាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក»។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា តំណាងមកពីបណ្តាប្រទេសអឺរ៉ុបនឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ។

ការលើកឡើងរបស់លោក Ushakov ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb និងនាយករដ្ឋមន្ត្រីន័រវែស លោក Jonas Gahr Store បានទូរស័ព្ទទៅកាន់លោក Putin ដើម្បីសន្ទនាមួយដែលគេរាយការណ៍ថាមានរយៈពេលជាងមួយម៉ោង។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមភាគីដែលគាំទ្រអ៊ុយក្រែនយ៉ាងមុតមាំបំផុត ដោយជំរុញឱ្យនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen ចេញមុខថ្កោលទោសគំនិតផ្តួចផ្តើមរបស់មេដឹកនាំនៃប្រទេសតំបន់ណ័រឌិក (Nordic) ទាំងពីររូបនេះ ដោយអះអាងថា សកម្មភាពនេះមិនមានការសម្របសម្រួលជាមួយ «ដៃគូអឺរ៉ុប» ផ្សេងទៀតនោះទេ។

ប្រែសម្រួលៈ តុលា

To Top