ព័ត៌មានអន្តរជាតិ

ផលិតកម្មយានយន្ត នៅចក្រភពអង់គ្លេស កើនឡើងយ៉ាងខ្លាំងក្នុងខែកញ្ញា ដោយការផលិតរថយន្តកើនឡើង ៧០.៨៣១ គ្រឿង

បរទេស៖ ទិន្នន័យពីវិស័យឧស្សាហកម្មដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា ការផលិតយានយន្តនៅចក្រភពអង់គ្លេសបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកញ្ញា ដោយងើបឡើងវិញពីកម្រិតទាបកាលពីឆ្នាំមុន ដែលរងផលប៉ះពាល់ដោយហេតុការណ៍វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (cyber-incident)។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ថា សមាគមអ្នកផលិត និងពាណិជ្ជករយានយន្ត (SMMT) បានឱ្យដឹងថា ទិន្នផលយានយន្តនៅចក្រភពអង់គ្លេសបានកើនឡើង ៣៦,៣% ដល់ចំនួន ៧៤.០៣១ គ្រឿងនៅក្នុងខែកញ្ញា ដែលជាកំណើនខ្លាំងបំផុតគិតចាប់តាំងពីខែសីហា ឆ្នាំ ២០២២ មក។ កំណើននេះឆ្លុះបញ្ចាំងពីការរំខានដែលបណ្តាលមកពីហេតុការណ៍វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត នៅឯក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយនៅចក្រភពអង់គ្លេសកាលពីឆ្នាំមុន។

ការផលិតរថយន្តបានកើនឡើង ៣៨,៦% ដល់ចំនួន ៧០.៨៣១ គ្រឿង ដែលធ្វើឱ្យខែកញ្ញានេះក្លាយជាខែដែលមានសកម្មភាពផលិតរថយន្តខ្លាំងបំផុតនៅចក្រភពអង់គ្លេស គិតចាប់តាំងពីឆ្នាំ ២០២៣ មក។

សហភាពអឺរ៉ុបនៅតែជាទីផ្សារនាំចេញដ៏ធំបំផុត ដោយស្រូបយក ៥៧,៥% នៃការនាំចេញរថយន្តសរុប ដែលកើនឡើង ១២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ២៣៤,៨% ខណៈដែលការនាំចេញទៅកាន់ប្រទេសចិនបានកើនឡើង ៣៥៧,៧% (ទោះបីជាកម្រិតមូលដ្ឋានដំបូងមានចំនួនតិចក៏ដោយ)។

ទោះបីជាមានការងើបឡើងវិញក្នុងខែនេះក៏ដោយ ប៉ុន្តែការផលិតរថយន្ត និងយានយន្តពាណិជ្ជកម្មសរុបនៅចក្រភពអង់គ្លេសក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ បានធ្លាក់ចុះ ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយនៅសល់ចំនួន ៥៦៤.៥៣៧ គ្រឿង។

ប្រែសម្រួលៈ តុលា

To Top