ភ្នំពេញ៖ លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យនិងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា កៅអីនៅ UN ពុំមែនកៅអី នៅហាងកាហ្វេ ចេះតែចង់អង្គុយ អាចអង្គុយបាននោះទេ ! ។ ការលើកឡើងរបស់លោកបណ្ឌិត ឥន សុផល បែបនេះ ធ្វើបន្ទាប់ពីក្រុមរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា (ខុសច្បាប់) ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានប្រកាសទាមទារនិងដណ្ដើមកៅអីរបស់កម្ពុជា នៅអង្គការសហប្រជាជាតិ ពីរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោកបណ្ឌិត ឥន សុផល បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
ឈ្វេងយល់ កៅអីនៅ UN ពុំមែនកៅអី នៅហាងកាហ្វេ ចេះតែចង់អង្គុយ អាចអង្គុយបាននោះទេ !
មុននឹងទទួលបានកៅអី (សមាជិក) UN ត្រូវបង្កើតរដ្ឋជាមុន ហើយបើចង់បង្កើតរដ្ឋ ត្រូវមានធាតុផ្សំអ្វីខ្លះ?
១.យោងតាមច្បាប់អន្តរជាតិ ភាពជារដ្ឋ (Statehood) មានធាតុផ្សំមូលដ្ឋានចំនួន៤ ដែលចែងក្នុង មាត្រា១ នៃអនុសញ្ញាម៉ុងតេវីដេអូ ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋ ឆ្នាំ១៩៣៣ ធាតុផ្សំទាំងនោះរួមមាន៖
១.១.មានប្រជាជនអចិន្ត្រៃយ៍ (Permanent population)។
១.២.មានដែនដីកំណត់បាន (Defined territory)មានន័យថា មានព្រំដែនច្បាស់លាស់។
១.៣.មានរដ្ឋាភិបាល (Government) ដែលអាចគ្រប់គ្រងរដ្ឋបាលសាធារណៈ។
១.៤.មានសមត្ថភាពបង្កើតទំនាក់ទំនងជាមួយរដ្ឋដទៃ (Capacity to enter into relations with other States)។
…………………………………………………..
បន្ទាប់ពីបានបង្កើតរដ្ឋ តើរដ្ឋនោះត្រូវឆ្លងកាត់អ្វីខ្លះ ដើម្បីក្លាយទៅជាសមាជិកUN?
២.មានរដ្ឋហើយ មិនប្រាកដថាមានកៅអីនៅUNនោះទេ លុះត្រាតែ បំពេញលក្ខខណ្ឌក្នុងមាត្រា៤ នៃធម្មនុញ្ញ UN និងទទួលបានអនុសាសន៍ពីក្រុមប្រឹក្សាសន្តិសុខ បន្ទាប់មកការអនុម័តពីមហាសន្និបាត។ ការមានលក្ខណៈជារដ្ឋ មិនធ្វើឱ្យក្លាយជាសមាជិកដោយស្វ័យប្រវត្តិទេ។ លក្ខខណ្ឌសម្រាប់ចូលជាសមាជិក UN យោងតាមមាត្រា៤ កថាខណ្ឌ១ មានលក្ខខណ្ឌចំនួន៥៖
២.១.អ្នកដាក់ពាក្យស្នើសុំចូលជាសមាជិក UN ត្រូវមានឋានៈជារដ្ឋ មិនមែនជាអង្គការ ឬក្រុមនយោបាយទេ។
២.២.ជារដ្ឋស្រឡាញ់សន្តិភាព ប្រកាន់ខ្ជាប់នឹងគោលបំណងសន្តិភាពរបស់ UN។
២.៣.ទទួលយកកាតព្វកិច្ចក្នុងធម្មនុញ្ញ ប្រកាសជាផ្លូវការថា ខ្លួនព្រមទទួលកាតព្វកិច្ចដែលធម្មនុញ្ញ UN កំណត់។
២.៤.មានសមត្ថភាពអនុវត្តកាតព្វកិច្ច អាចបំពេញកាតព្វកិច្ចទាំងនោះបាន តាមការវាយតម្លៃរបស់ UN។
២.៥.មានឆន្ទៈអនុវត្តកាតព្វកិច្ចមានបំណង និងការប្តេជ្ញាអនុវត្តកាតព្វកិច្ចទាំងនោះ។
• លក្ខខណ្ឌទាំងនេះជាមូលដ្ឋានច្បាប់សម្រាប់ការវាយតម្លៃពាក្យសុំចូលជាសមាជិក។
៣. នីតិវិធីចូលជាសមាជិក UN
ជំហានទី១៖ ដាក់ពាក្យទៅអគ្គលេខាធិការ UN រដ្ឋត្រូវដាក់ពាក្យសុំចូលជាសមាជិក ដោយភ្ជាប់សេចក្តីប្រកាសជាផ្លូវការថា ខ្លួនទទួលយកកាតព្វកិច្ចក្នុងធម្មនុញ្ញ UN។ អគ្គលេខាធិការបញ្ជូនពាក្យនោះទៅក្រុមប្រឹក្សាសន្តិសុខ។
ជំហានទី២៖ ពិនិត្យពាក្យសុំ ជាទូទៅ ប្រធានក្រុមប្រឹក្សាសន្តិសុខបញ្ជូនពាក្យទៅគណៈកម្មាធិការទទួលសមាជិកថ្មី ដែលមានតំណាងពីសមាជិកក្រុមប្រឹក្សាទាំង១៥ ដើម្បីពិនិត្យ និងរាយការណ៍លទ្ធផល។ ក្រុមប្រឹក្សាអាចសម្រេចប្រើរបៀបផ្សេងបាន។
ជំហានទី៣៖ ក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតផ្តល់អនុសាសន៍ ត្រូវបំពេញលក្ខខណ្ឌទាំងពីរខាងក្រោម៖
• ទទួលបានសំឡេងគាំទ្រ យ៉ាងតិច៩ ក្នុងចំណោម១៥។
• គ្មានសមាជិកអចិន្ត្រៃយ៍ណាមួយបោះឆ្នោតប្រឆាំង (វេតូ)។ សមាជិកអចិន្ត្រៃយ៍ទាំង៥ គឺ ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
ការបោះឆ្នោត អនុបវាទ របស់សមាជិកអចិន្ត្រៃយ៍ មិនមែនជាវេតូទេ។ ឧទាហរណ៍ បើមានសំឡេងគាំទ្រ៩ ហើយសមាជិកអចិន្ត្រៃយ៍ម្នាក់អនុបវាទ ការផ្តល់អនុសាសន៍នៅតែអាចអនុម័តបាន បើគ្មានសមាជិកអចិន្ត្រៃយ៍ផ្សេងទៀតប្រឆាំង។
ជំហានទី៤៖ មហាសន្និបាតបោះឆ្នោតអនុម័ត បន្ទាប់ពីទទួលអនុសាសន៍វិជ្ជមានពីក្រុមប្រឹក្សាសន្តិសុខ មហាសន្និបាតពិនិត្យ និងបោះឆ្នោត។ ត្រូវមានសំឡេងគាំទ្រ យ៉ាងតិច២ភាគ៣ នៃសមាជិកដែលមានវត្តមាន និងបោះឆ្នោត។
ជំហានទី៥៖ សមាជិកភាពចូលជាធរមាន រដ្ឋនោះក្លាយជាសមាជិក នៅថ្ងៃដែលមហាសន្និបាតអនុម័តសេចក្តីសម្រេចទទួលចូល ហើយអគ្គលេខាធិការជូនដំណឹងទៅរដ្ឋនោះ។
កុំចៅចាក់ស្មុគពេក ! មកអង្គុយកៅអីកាហ្វេជាមួយខ្ញុំ អាចអង្គុយបានគ្រប់ពេលហាងបើកទ្វារ !
២៩ តុលា ២០២៦ !៕


