ភ្នំពេញ ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអបអរសាទរបុណ្យជាតិ ម៉ាឡេស៊ី លើកទី ៦៩ ដែលរៀបចំដោយស្ថានទូត ម៉ាឡេស៊ីប្រចាំកម្ពុជា នាសណ្ឋាគារសាំងគ្រីឡា ភ្នំពេញជាផ្លូវការ ដែលរៀបចំដោយស្ថានទូត ម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា។

កម្មវិធីដ៏ឱឡារិកនេះ ដែលបានរៀបចំដោយស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា មានការចូលរួមលោកស្រីជាសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងជាប្រធានស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងលោក លោកស្រី អង្គទូតប្រចាំកម្ពុជា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិពីផ្នែករដ្ឋ និងឯកជនចំនួនជាង២០០រូប ។

លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ម៉ាឡេស៊ី ប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការបន្តថែរក្សាព្រូនជុំ ចំណងមិត្តភាព រវាងប្រទេសទាំងពីរដែលមានរយៈពេលជិត៧០ឆ្នាំនាឆ្នាំ២០២៧ ខាងមុខ ដោយបន្តពង្រឹងកិច្ច សហប្រតិបត្តិរវាងគ្នាទៅវិញទៅមក និងបង្កើតនូវវិបុលភាព និងសន្តិភាព សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនអង្គពិធីពីលទ្ធផល គួរជាទីមោទនៈ នៃការអនុវត្តការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងព្រឹត្តការណ៍ជំរុញ ទេសចរណ៍កន្លងមក ។

ក្នុងឱកាសដ៏មានសារសំខាន់នេះដែរ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ីដែលតែងតែផ្តល់កិច្ចសហការ និងគាំទ្រកម្ពុជាជានិច្ចក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួនរហូតមក ជាពិសេសលើការ ផ្លាស់ប្តូរប្រជាជន និង ប្រជាជន កិច្ចសហការដ៏សកម្ម និងសិ្នតរមួតក្នុងការរៀបចំព្រឹត្តការណ៍ ជំរុញទេសចរណ៍ ជាពិសេសយុទ្ធនាការ ទស្សនាកម្ពុជានារដូវកាលបៃតង (Green Season) និង Muslim Friendly ការជំរុញលំហូរទេសចរ និងអ្នកធ្វើដំណើរ នៃប្រទេសទាំងពីរ និង អន្តរជាតិ ការតភ្ជាប់ជើងហោះហើរត្រង់ ការវិនិយោគលើវិស័យទេសចរណ៍ ពីសំណាក់វិនិយោគិម៉ាឡេស៊ីជាក់ស្តែងនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានអញ្ជើញភ្ញៀវទេសចរម៉ាឡេស៊ី និងអន្តរជាតិមកទស្សនាកម្ពុជា ជាពិសេសភូមិហ្រ្វង់កូហ្វូនី (Francophonie Village) ដែលជាព្រឹត្តការណ៍អមរៀបចំឡើង ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលអង្គការបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (20th Francophonie Summit) នៅរាជធានីភ្នំពេញ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ ដើម្បីទទួលបាននូវបទពិសោធពីសក្តានុពលទេសចរណ៍កម្ពុជា បដិសណ្ឋារកិច្ចដ៏កក់ក្តៅពីប្រជាជនកម្ពុជា ជាពិសេស Muslim friendly និងស្វែងយល់ពីកាលានុវត្តភាពវិនិយោគថ្មីៗ នៅកម្ពុជា៕







