ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តធំ ជាងគេទីពីររបស់ពិភពលោក Volkswagen ខាតបង់កាន់តែខ្លាំងលើស ពីការរំពឹងទុកនៅក្នុងត្រីមាសទី ៣

បរទេស៖ ក្រុមហ៊ុន Volkswagen បានធ្លាក់ចូលក្នុង ស្ថានភាពខាតបង់កាន់តែខ្លាំងនៅក្នុងត្រីមាសទីបី ដែលជាសញ្ញាបង្ហាញ ពីវិបត្តិដ៏ធ្ងន់ធ្ងរនៅក្នុងក្រុមហ៊ុន ផលិតរថយន្តធំជាងគេទីពីរ របស់ពិភពលោកមួយនេះ ។ ក្រុមហ៊ុនកំពុងប្រឈមមុខ នឹងបញ្ហាប្រឈមធំៗនៅក្នុងទីផ្សារសំខាន់ៗនានា ខណៈពេលដែល Volkswagen កំពុងចាប់ផ្តើមដំណើរការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ថា ក្រុមហ៊ុនផលិតរថយន្តឈានមុខគេនៅអឺរ៉ុបមួយនេះ បានរាយការណ៍ពីការខាតបង់ ប្រតិបត្តិការចំនួន ៥,៩ ពាន់លានអឺរ៉ូ (៦,៥៩ ពាន់លានដុល្លារ) ក្នុងរយៈពេលបីខែនេះ។ អ្នកវិភាគមកពី Visible Alpha បានព្យាករណ៍ពីការខាតបង់ចំនួន ២,៦ ពាន់លានអឺរ៉ូ បន្ទាប់ពីធ្លាប់មានការខាតបង់ចំនួន ១,៣ ពាន់លានអឺរ៉ូកាលពីឆ្នាំមុន។

លោក Arno Antlitz ប្រធានផ្នែកហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា៖ «លទ្ធផលរយៈពេលប្រាំបួនខែនេះ បង្ហាញឱ្យឃើញច្បាស់ថា យើងមិនអាចបាត់បង់ពេលវេលាទៀតបានទេ។ យើងត្រូវតែចាត់វិធានការឱ្យបានឆាប់រហ័ស និងម៉ឺងម៉ាត់»។

ចំណូលពីការលក់ក៏បានធ្លាក់ចុះ ៦% ក្នុងត្រីមាសទីបី ដែលជាអត្រាធ្លាក់ចុះខ្លាំងជាងការរំពឹងទុក ដោយសម្រេចបានទឹកប្រាក់ ៧៥,៣ ពាន់លានអឺរ៉ូ។

លទ្ធផលទាំងនេះ បានគូសបញ្ជាក់ពីសម្ពាធដែល Volkswagen កំពុងជួបប្រទះ ក្នុងការកែទម្រង់គំរូអាជីវកម្មរបស់ខ្លួន ដើម្បីទប់ទល់នឹងការប្រកួត ប្រជែងដ៏ខ្លាំងក្លា នៅក្នុងប្រទេសចិន ការចំណាយលើពន្ធគយរាប់ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ និងការចំណាយខ្ពស់ក្នុងការបង្កើនផលិតកម្ម រថយន្តអគ្គិសនី (EVs) នៅអឺរ៉ុប ដែលជាទីកន្លែងដែលក្រុមហ៊ុនគូប្រជែង មកពីប្រទេសចិនកំពុងដណ្តើមយកចំណែកទីផ្សារបានកាន់តែច្រើនឡើង។
ប្រែសម្រួលៈ តុលា

To Top