ការប្រជែងឥទ្ធិពល AI អាមេរិក-ចិន ៖ ខណៈពិភពលោក បែងចែកជាប្លុក តើអឺរ៉ុបមានជំហរយ៉ាងណា?
បរទេស៖ ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងកសាងប្លុកបញ្ញាសិប្បនិម្មិត (AI) ប្រជែងគ្នា អឺរ៉ុបកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកាត់បន្ថយការពឹងផ្អែកលើមហាអំណាចទាំងពីរនេះ។ ប៉ុន្តែ ទោះបីជាមានមហិច្ឆតាចង់ក្លាយជាមហាអំណាចបច្ចេកវិទ្យាដោយខ្លួនឯងក៏ដោយ សហភាពអឺរ៉ុប (EU) នៅតែខ្វះខាតបន្ទះឈីប ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធ AI ក្នុងស្រុក ដើម្បីអាចប្រកួតប្រជែងដោយស្មើភាពគ្នាបាន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។

នៅក្នុងការប្រណាំងប្រជែងបច្ចេកវិទ្យា AI អាមេរិក និងចិន បានបង្កើតប្លុករបស់ខ្លួនរៀងៗខ្លួនជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីកំណត់ស្តង់ដារ និងទាញយកសក្តានុពលពីបច្ចេកវិទ្យានេះ។
ប្រទេសជាច្រើននៅលើពិភពលោកកំពុងប្រឈមមុខនឹងភាពរារែក៖ តើពួកគេគួរងាកទៅរកបន្ទះឈីប និងបច្ចេកវិទ្យា AI កម្រិតខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក (ប្លុក Pax Silica) ឬក៏ចូលរួមជាមួយប្រព័ន្ធ AI បើកចំហ (Open-source) ដែលមានតម្លៃសមរម្យជាងរបស់ប្រទេសចិន (ប្លុក WAICO)?
ទស្សនៈនៅក្នុងទ្វីបអឺរ៉ុបបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅឆ្នាំនេះ ចំពោះក្តីបារម្ភថាអឺរ៉ុបអាចនឹងងាយរងគ្រោះក្នុងការកេងប្រវ័ញ្ច។ ឧប្បត្តិហេតុដូចជា ការបង្ខំឱ្យបិទប្រព័ន្ធម៉ូដែល Fable 5 និង Mythos 5 របស់ក្រុមហ៊ុន Anthropic ក៏ដូចជាការបិទបណ្តាញផ្កាយរណបយោធា Starshield របស់លោក Elon Musk នៅអ៊ុយក្រែន បានក្លាយជាសំឡេងរោទ៍ដាស់តឿនដល់រដ្ឋធានីនានានៅអឺរ៉ុប។
កាលពីខែមិថុនា EU បានបង្ហាញ “កញ្ចប់អធិបតេយ្យភាពបច្ចេកវិទ្យាអឺរ៉ុប” ដែលជាសំណុំនៃគោលនយោបាយទូលំទូលាយ ក្នុងគោលបំណងជំរុញសមត្ថភាពផលិតបន្ទះឈីប ពង្រីកមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Centers) និងគាំទ្រការអភិវឌ្ឍ AI។ តាមរយៈច្បាប់ស្តីពីបន្ទះឈីប (Chips Act) អឺរ៉ុបបានបញ្ចេញកញ្ចប់ថវិកាឧបត្ថម្ភពីរដ្ឋចំនួន ៣១៩លានអឺរ៉ូ ដល់ក្រុមហ៊ុនអូទ្រីស Infineon Technologies និង ៥ពាន់លានអឺរ៉ូនៅអ៊ីតាលី ព្រមទាំង ១,៦ពាន់លានអឺរ៉ូនៅឆេក។
អឺរ៉ុបក៏មានចំណុចខ្លាំងក្នុងខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីបផងដែរ តាមរយៈក្រុមហ៊ុន ASML (ផលិតប្រព័ន្ធ Lithography កម្រិតខ្ពស់) និងក្រុមហ៊ុន Soitec។ យ៉ាងណាមិញ អឺរ៉ុបនៅតែខ្វះប្រព័ន្ធ AI ជួរមុខ (Frontier AI Model) ដែលអាចប្រៀបធៀបនឹង OpenAI, Anthropic ឬ DeepSeek របស់ចិនបានឡើយ ដោយមានតែក្រុមហ៊ុន Mistral របស់បារាំងប៉ុណ្ណោះដែលលេចធ្លោជាងគេ។
បញ្ហាធំមួយទៀតគឺ ៩០% នៃរ៉ែសំខាន់ៗ (Rare earths) ដែលចាំបាច់សម្រាប់ផលិតហេដ្ឋារចនាសម្ព័ន្ធ AI របស់អឺរ៉ុប គឺត្រូវនាំចូលពីចិន។ ទីក្រុងប៉េកាំងថ្មីៗនេះ បានយល់ព្រមបង្កើត “ច្រកបៃតង” (Green channel) ដើម្បីពន្លឿនការអនុម័តអាជ្ញាប័ណ្ណនាំចេញរ៉ែទាំងនេះទៅកាន់ EU ជាផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូង។
កាលពីខែកញ្ញា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្តេជ្ញាថា អឺរ៉ុបនឹងជួយសរសេរច្បាប់សម្រាប់ AI ដោយតាំងខ្លួនជាអ្នកកំណត់ច្បាប់ស្មើនឹងវ៉ាស៊ីនតោន និងប៉េកាំង។ ច្បាប់ស្តីពី AI របស់ EU (EU AI Act) ដែលអនុម័តនៅឆ្នាំ ២០២៤ ត្រូវបានចាត់ទុកថាជាច្បាប់គ្រប់គ្រង AI ដ៏ទូលំទូលាយដំបូងគេបង្អស់ ដោយបែងចែកហានិភ័យជា ៤កម្រិត ។ ប៉ុន្តែ ក្រុមហ៊ុនអឺរ៉ុបមួយចំនួន បានធ្វើការបញ្ចុះបញ្ចូលឱ្យពន្យារពេល ការអនុវត្តច្បាប់ដ៏តឹងរ៉ឹងនេះ ដោយបារម្ភថាវាអាចរារាំងដល់ការច្នៃប្រឌិត ខណៈពួកគេកំពុងប្រឹងរត់តាមអាមេរិក និងចិន។
ប្រទេសរារែក ការស្វែងរកប្រយោជន៍ពីប្លុកទាំងពីរ ប្រទេសកាហ្សាក់ស្ថាន គឺជាឧទាហរណ៍ដ៏កម្រមួយ ដែលបានព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយប្លុកទាំងពីរ។ ត្រឹមតែ៣សប្តាហ៍ បន្ទាប់ពីរដ្ឋមន្ត្រី AI របស់ខ្លួនបានទៅវ៉ាស៊ីនតោនដើម្បីចូលរួមក្រុមពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ AI (Pax Silica) លោកក៏បានធ្វើដំណើរទៅសៀងហៃ ដើម្បីចុះហត្ថលេខាក្លាយជាសមាជិកស្ថាបនិកនៃអង្គការ WAICO របស់ចិន។ កាហ្សាក់ស្ថាន ទទួលបានកិច្ចព្រមព្រៀងវិនិយោគ១០ពាន់លានដុល្លារពី Nvidia របស់អាមេរិក និងការវិនិយោគផ្ទាល់ (FDI) ពីចិនក្នុងទំហំកំណត់ត្រា ២,៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៥។
ស្រដៀងគ្នានេះដែរ ប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី និងអារ៉ាប៊ីសាអ៊ូឌីត ក៏កំពុងព្យាយាមទាញយកអត្ថប្រយោជន៍ពីមហាអំណាច AI ទាំងពីរនេះផងដែរ ដោយរើសយកប្រព័ន្ធណាដែលល្អបំផុតសម្រាប់ប្រទេសពួកគេ។
អាមេរិកបានប្រកាសយ៉ាងច្បាស់ថា ប្លុក Pax Silica គឺសម្រាប់តែ “ដៃគូដែលគួរឱ្យទុកចិត្ត” ប៉ុណ្ណោះ ដោយចោទប្រកាន់ចិនពីបទលួចចម្លងបច្ចេកវិទ្យា AI របស់អាមេរិក។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានចោទអាមេរិកថា កំពុងព្យាយាមបង្កើតភាពផ្តាច់មុខ (Monopoly) លើ AI និងរឹតបន្តឹងការចូលប្រើប្រាស់បន្ទះឈីបរបស់ចិន។
ដើម្បីទាក់ទាញសម្ព័ន្ធមិត្ត ចិនបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីដល់ប្រទេសចំណូលទាប និងមធ្យមចំនួន ៧៧ប្រទេស (យោងតាមទិន្នន័យពីស្ថាប័ន AidData) ដើម្បីអភិវឌ្ឍប្រព័ន្ធ AI របស់ពួកគេ ដោយផ្តោតលើភាពបើកចំហ និងបរិយាបន្ន។
អ្នកជំនាញមកពីវិទ្យាស្ថាន Carnegie Endowment យល់ថា សម្រាប់ប្រទេសដែលគ្មានសមត្ថភាពអភិវឌ្ឍម៉ូដែល AI ជួរមុខដោយខ្លួនឯង ការពឹងផ្អែកលើអាមេរិក គឺជាភាពចាំបាច់ដើម្បីទទួលបានបន្ទះឈីប និងមជ្ឈមណ្ឌលទិន្នន័យ។ ទោះជាយ៉ាងណា ការសម្រេចចិត្តលើការចូលប្រើប្រាស់ប្រព័ន្ធ AI កម្រិតខ្ពស់ គឺអាស្រ័យទាំងស្រុងទៅលើ “អារម្មណ៍អ្នកតាក់តែងគោលនយោបាយ នៅវ៉ាស៊ីនតោន និងប៉េកាំង”។ ជារួម ប្រទេសភាគច្រើននៅលើពិភពលោក ប្រហែលជាគ្មានជម្រើសល្អឡើយ ព្រោះពួកគេមិនអាចប្រកួតប្រជែងបង្កើត AI កម្រិតខ្ពស់បាន ប៉ុន្តែគ្រប់គ្នាកំពុងគិតគូរយ៉ាងខ្លាំងអំពី “អធិបតេយ្យភាព AI” របស់ខ្លួន៕
