ព័ត៌មានអន្តរជាតិ

ទីក្រុងព្រុចសែល ស្នើបង្កើនបុគ្គលិក Frontex ៣ដង ដើម្បីទប់ស្កាត់លំហូរ ​ជនចំណាកស្រុកខុសច្បាប់

បរទេស៖ គណៈកម្មការអឺរ៉ុប (European Commission) មានបំណងបង្កើនចំនួនបុគ្គលិករបស់ទីភ្នាក់ងារ Frontex ដល់ទៅបីដង និងផ្តល់អំណាចថ្មីយ៉ាង ទូលំទូលាយដល់ទីភ្នាក់ងារនេះ ដើម្បីបណ្តេញជនចំណាកស្រុកចេញ ពីព្រំដែនសហភាពអឺរ៉ុប (EU) និង តាមដានបណ្តាញសង្គម។ ទោះជាយ៉ាងណា ផែនការនេះបានបង្កឱ្យមានការ ព្រមានអំពីការរំលោភសិទ្ធិជាមូលដ្ឋាន និងការឃ្លាំមើលហួសហេតុ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៦ ។

​ទីភ្នាក់ងារគ្រប់គ្រងព្រំដែន និង ឆ្មាំសមុទ្ររបស់ EU ដែលមានឈ្មោះថា Frontex គ្រោងនឹងទទួលបានអំណាច ដែលមិនធ្លាប់មានពីមុនមក ក្រោមសំណើកែទម្រង់ដ៏ធំមួយរបស់គណៈកម្មការអឺរ៉ុប។ ការកែទម្រង់នេះនឹងពង្រីកអាណត្តិរបស់ Frontex យ៉ាងខ្លាំង ដោយបង្កើនកម្លាំងពលកម្មបីដង និងផ្តល់តួនាទីធំជាងមុនក្នុងការបណ្តេញជនចំណាកស្រុកដែលនៅក្រៅទឹកដី EU។

​ទីក្រុងព្រុចសែលបញ្ជាក់ថា ការផ្លាស់ប្តូរនេះគឺជារឿងចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗផ្នែកចំណាកស្រុក រួមទាំងការឆ្លងកាត់ព្រំដែនដោយមានការចាត់តាំង ដូចជាករណីមនុស្សប្រមាណ ៨០.០០០នាក់ បានសម្រុកចូលទៅកាន់តំបន់ Ceuta របស់អេស្ប៉ាញ កាលពីខែកក្កដាកន្លងទៅ។ ប៉ុន្តែ សំណើនេះបានរងការរិះគន់ រួចទៅហើយ ដោយក្រុមអ្នករិះគន់ព្រមានថា ការពង្រីកអំណាច និងថវិការបស់ទីភ្នាក់ងារនេះ អាចនាំឱ្យមានការរំលោភសិទ្ធិមនុស្ស និងការឃ្លាំមើលដែលបំពានសិទ្ធិឯកជន។

​ខាងក្រោមនេះគឺជាចំណុចសំខាន់ៗនៃការកែទម្រង់ ដែលនៅរង់ចាំការអនុម័តពីរដ្ឋសមាជិក EU និងសភាអឺរ៉ុប៖ ការផ្តោតសំខាន់ថ្មីលើ “ការបណ្តេញចេញ” (Deportations)
ការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយ គឺការបង្វែរទិសដៅរបស់ Frontex ពីការគ្រាន់តែគ្រប់គ្រងព្រំដែនខាងក្រៅរបស់ EU ទៅជាការផ្តោតលើការបណ្តេញជនចំណាកស្រុកខុសច្បាប់។ លោក Magnus Brunner ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការចំណាកស្រុក បានថ្លែងថា ទីភ្នាក់ងារនេះនឹងក្លាយជា “តួអង្គកណ្តាលរបស់ EU លើការបញ្ជូនត្រឡប់” ដោយផ្តល់ “ការគាំទ្រពីចំណុច A ដល់ចំណុច Z”។

​ទោះបីជាការទទួលខុសត្រូវលើការបញ្ជូនជនចំណាកស្រុកខុសច្បាប់ត្រឡប់ទៅប្រទេសដើមវិញ នៅតែជាតួនាទីរបស់ប្រទេសជាសមាជិកនីមួយៗក៏ដោយ ប៉ុន្តែ Frontex នឹងជួយក្នុងការកំណត់អត្តសញ្ញាណបុគ្គលដែលត្រូវបញ្ជូនត្រឡប់ រៀបចំជើងហោះហើរ និងផ្តល់ជំនួយក្នុងការធ្វើសមាហរណកម្ម តាមរយៈ “មជ្ឈមណ្ឌលសម្របសម្រួលការបញ្ជូនត្រឡប់” (Return Coordination Centre) ថ្មីមួយ។
​ចំណុចសំខាន់បំផុតនោះគឺ ទីភ្នាក់ងារនេះនឹងអាចប្រតិបត្តិ
ការពីប្រទេសមិនមែនសមាជិក EU មួយ ទៅកាន់ប្រទេសមួយទៀត ដែលអនុញ្ញាតឱ្យមន្ត្រី Frontex ជួយបណ្តេញជនចំណាកស្រុកចេញ មុនពេលពួកគេមកដល់អឺរ៉ុបទៅទៀត។
​អង្គការសង្គមស៊ីវិលបានអះអាងថា ប្រព័ន្ធនេះនឹងមានភាពស្រពិចស្រពិល និងពិបាកក្នុងការត្រួតពិនិត្យ។ លោកស្រី Cecilia Strada សមាជិកសភាអឺរ៉ុបមកពីគណបក្សសង្គមនិយមអ៊ីតាលី បានប្រៀបធៀប Frontex ទៅនឹងទីភ្នាក់ងារ ICE ដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាមេរិក (ទទួលបន្ទុកចាប់ និងបណ្តេញជនចំណាកស្រុកខុសច្បាប់) ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយលោកស្រីហៅទង្វើនេះថាជា “រឿងគួរឱ្យអាម៉ាស់”។

​អំណាចថ្មីក្នុងការតាមដានបណ្តាញសង្គម Frontex ក៏នឹងត្រូវបានចាត់តាំងឱ្យតាមដានបណ្តាញសង្គម ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នករត់ពន្ធមនុស្ស និងព្យាករណ៍ពីការហូរចូលទ្រង់ទ្រាយធំនៅតាមព្រំដែន EU។ មន្ត្រី EU ម្នាក់បានទទួលស្គាល់ថា សំណើនេះគឺដើម្បីឆ្លើយតបទៅនឹងវិបត្តិនៅតំបន់ Ceuta កាលពីខែកក្កដា។

​”មជ្ឈមណ្ឌលឃ្លាំមើល និងឆ្លើយតបតាមប្រព័ន្ធអនឡាញ” (Online Monitoring and Response Centre) នឹងត្រូវបានបង្កើតឡើង ដោយអនុញ្ញាតឱ្យ Frontex កំណត់អត្តសញ្ញាណខ្លឹមសារខុសច្បាប់ រាយការណ៍ទៅកាន់ក្រុមហ៊ុនបណ្តាញសង្គម និងស្នើសុំអាជ្ញាធរមានសមត្ថកិច្ចឱ្យលុបចោល។ ទោះយ៉ាងណា អ្នករិះគន់ព្រមានថា អំណាចថ្មីនេះអាចក្លាយជាការឃ្លាំមើលតាមអនឡាញយ៉ាងជ្រៅ ដែលគំរាមកំហែងដល់ឯកជនភាព និងសេរីភាពនៃការបញ្ចេញមតិ។

សូម្បីតែសមាជិកសភាអឺរ៉ុប មកពីក្រុមស្តាំនិយម ដែលតែងតែគាំទ្រការរឹតបន្តឹងព្រំដែន ក៏បានសម្តែងក្តីបារម្ភ ចំពោះការប្រើប្រាស់អំណាចនេះដើម្បីតាមដានមតិរបស់ប្រជាពលរដ្ឋផងដែរ។
​កម្លាំងប្រតិកម្មរហ័ស (A rapid reaction force)
ការកែទម្រង់នេះនឹងបង្កើត “កម្លាំងប្រតិកម្មរហ័ស ” ដែលអាចពង្រាយក្នុងរយៈពេលខ្លីទៅកាន់ព្រំដែន ខាងក្រៅរបស់ប្រទេសជាសមាជិក EU ក្នុងករណីមានអាសន្ន។ ការសម្រេចចិត្តពង្រាយកម្លាំងនេះ អាចធ្វើឡើងដោយនាយកប្រតិបត្តិរបស់ Frontex ប៉ុន្តែលុះត្រាតែមានការស្នើសុំពីរដ្ឋសមាជិកពាក់ព័ន្ធប៉ុណ្ណោះ។

គណៈកម្មការអឺរ៉ុបចង់បង្កើនកម្លាំងពលកម្មរបស់ Frontex ឱ្យឡើងដល់ ៣០.០០០នាក់ នៅត្រឹមឆ្នាំ ២០៤១ ធៀបនឹងចំនួន ១០.០០០នាក់ នាពេលបច្ចុប្បន្ន។ កងកម្លាំងប្រចាំការផ្ទាល់របស់ទីភ្នាក់ងារនេះនឹងកើនឡើងទ្វេដងពី ៣.០០០ ទៅ ៦.០០០នាក់ រួមជាមួយនឹងមន្ត្រី ៧.០០០នាក់ ផ្សេងទៀតដែលបញ្ជូនមកពីកងកម្លាំងប៉ូលិសជាតិរបស់ប្រទេសសមាជិក EU។
​លើសពីនេះ នឹងមានការបង្កើត “កងបម្រុងព្រំដែន និងការបញ្ជូនត្រឡប់អឺរ៉ុប” ចំនួន ១៧.០០០នាក់បន្ថែមទៀត ដែលនឹងរង់ចាំនៅប្រទេសកំណើតរបស់ពួកគេ ហើយត្រូវបានពង្រាយតែពេលចាំបាច់ប៉ុណ្ណោះ។

​បច្ចុប្បន្ន Frontex ទទួលបានថវិកាជិត ៦ពាន់លានអឺរ៉ូ នៅក្នុងថវិកា EU ហើយគណៈកម្មការបានស្នើឱ្យបង្កើនថវិកានេះ ទ្វេដងនៅក្នុងវដ្តថវិកាឆ្នាំ ២០២៨-២០៣៤។ ជាមួយនឹងអាណត្តិថ្មី ទីភ្នាក់ងារនេះនឹងអាចទិញ ជួល ឬសហការជាម្ចាស់លើឧបករណ៍នានា ដូចជាដ្រូនសម្រាប់ឃ្លាំមើល និងឧបករណ៍បំពាក់បច្ចេកវិទ្យា AI ជាដើម។

​ទោះបីជាមានការបង្កើនបុគ្គលិក និងធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ ក៏ចំនួន “មន្ត្រីសិទ្ធិជាមូលដ្ឋាន” (FROs) ដែលមានភារកិច្ចត្រួតពិនិត្យការគោរពសិទ្ធិជនចំណាកស្រុក មិនត្រូវបានបង្កើនឱ្យសមាមាត្រគ្នានោះទេ ដែលនេះជាក្តីបារម្ភយ៉ាងធំសម្រាប់អង្គការក្រៅរដ្ឋាភិបាល (NGOs) ដោយពួកគេចោទប្រកាន់ថា ការពង្រីកអំណាចនេះធ្វើឡើងដោយគ្មានយន្តការការពារសិទ្ធិមនុស្សឱ្យបានរឹងមាំនោះឡើយ៕

ប្រែសម្រួល៖ គីរី

To Top