ព័ត៌មានជាតិ

សម្ដេចធិបតី ៖ រាល់ការលំបាករបស់ពលរដ្ឋ មិនបាត់មុខរាជរដ្ឋាភិបាលនោះទេ គឺចុះជួយជាប់ជាប្រចាំ

បាត់ដំបង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាល់មានការលំបាករបស់ប្រជាពលរដ្ឋ មិនបាត់មុខរាជរដ្ឋាភិបាលនោះទេ គឺមន្ត្រី និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានចុះជួយប្រជាពលរដ្ឋជាប់ជាប្រចាំ។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណក្រសួងស្ថាប័ន អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមជួយប្រជាពលរដ្ឋក្នុងគ្រាលំបាក។ សម្ដេច ថា រាល់ប្រជាពលរដ្ឋជួបការលំបាក គឺមិនបាត់មុខរាជរដ្ឋាភិបាលនោះឡើយ។

សម្ដេចធិបតី មានប្រសាសន៍ថា «នេះហើយស្មារតីសាមគ្គីឯកភាពជាតិរបស់យើងក្នុងពេលលំបាក ហើយលោកតា លោកយាយ អ៊ុំ ពូ មិញ បងប្អូន ជឿទុកចិត្តចុះ រាល់មានការលំបាក អត់មានបាត់មុខរាជរដ្ឋាភិបាល តាមរយៈគ្រប់ជាន់ថ្នាក់ មិនថា អាជ្ញាធរមូលដ្ឋាន គណៈកម្មាធិការ ក្រសួងជំនាញ ក្រុមការងារគណៈពង្រឹង បានចុះជួយ យើងមានមុនជាប់ជាប្រចាំ»។

នាឱកាសនោះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានធ្វើការណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ត្រូវត្រៀមលក្ខណៈជួយប្រជាពលរដ្ឋក្នុងការស្ដារវិស័យកសិកម្មឡើងវិញ បន្ទាប់ពីរងគ្រោះដោយសារទឹកជំនន់។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ បានឱ្យដឹងថា គ្រោះជំនន់ទឹកភ្លៀង ធ្វើឱ្យខេត្តបាត់ដំបង រងគ្រោះប៉ះពាល់ ១៤ក្រុង ស្រុក ស្មើនឹង ៨៨ឃុំ សង្កាត់។ បណ្ដាលឱ្យផលប៉ះពាល់ដំណាំស្រូវសរុប ១២៣.០៧២ហិកតា ក្នុងនោះមានស្រូវទុំ ១៥.៦៣៨ហិកតា, ខូចខាតដាំណាំស្រូវ ៧៤.៣៨៨ហិកតា, ដំណាំសាកវប្បកម្ម និងឧស្សាហកម្មផលសរុប ១៦.៣៧៤ហិកតា, ខូចខាត ៨.៦៨០ហិកតា។ គ្រួសារដែលរងផលប៉ះពាល់ សរុប ៥៨.១០៣គ្រួសារ ខូចខាត ៣៥.៧០៤គ្រួសារ៕

To Top