នៅរសៀលថ្ងៃទី ៣០ ខែតុលា នៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាជាមួយលោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី ២ និងទី ៣ លើពិភពលោក ប្រទេសចិន និងអាល្លឺម៉ង់ មានទំនួលខុសត្រូវដ៏សំខាន់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអឺរ៉ុប ព្រមទាំងកំណើនសេដ្ឋកិច្ចសកលប្រកបដោយស្ថិរភាព ។ ប្រទេសទាំងពីរគួរតែពង្រឹងការប្រាស្រ័យទាក់ទង ការសម្របសម្រួល និងសហការគ្នា ដើម្បីបង្កើតគំរូថ្មីនៃកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើសមភាព ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងប្រកបដោយស្ថិរភាពយុទ្ធសាស្ត្រ។ ប្រទេសទាំងពីរគួរបញ្ជូនសញ្ញាវិជ្ជមានដ៏ច្បាស់លាស់ទៅកាន់ពិភពលោក ពោលគឺ ការជ្រើសរើសយកភាពបើកទូលាយជំនួសឱ្យការបិទខ្ទប់ និងជ្រើសរើសយកកិច្ចសហប្រតិបត្តិការជំនួសឱ្យការប្រឈមមុខដាក់គ្នា។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយអាល្លឺម៉ង់ ដើម្បីបើកទំព័រថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ចសកល ដែលកាន់តែមានយុត្តិធម៌ និងសមហេតុផល។
ជាការឆ្លើយតប លោក Steinmeier បានថ្លែងថា ប្រទេសអាល្លឺម៉ង់មានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យនានាដូចជា ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត(AI) និងការការពារបរិស្ថាន ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនផងដែរ។ ភាគីទាំងពីរអាចដោះស្រាយការខ្វែងគំនិងគ្នាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការសន្ទនា និងការពិភាក្សា ដើម្បីសម្រេចបាននូវការផ្តល់ផល ប្រយោជន៍ទៅវិញទៅមក ដើម្បីក្លាយជាគំរូសម្រាប់ពិភពលោកទាំងមូល។ ប្រទេសអាល្លឺម៉ង់មានឆន្ទៈធ្វើការជាមួយប្រទេសចិន ដើម្បីរួមគ្នារ៉ាប់រងភារកិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍពិភពលោក គាំពារគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងកិត្យានុភាពនៃច្បាប់អន្តរជាតិ ក៏ដូចជាគាំទ្រពាណិជ្ជកម្មសេរី និងច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងប្រឆាំងគាំពារនិយមនិងសង្គ្រាមពាណិជ្ជកម្ម៕
