លោក ឃួន ផុនរតនៈ ៖ សហគមន៍ខ្មែរនៅកូរ៉េ កំពុងដើរតួនាទីសំខាន់ចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េលោក ឃួន ផុនរតនៈ បានលើកឡើងថា សហគមន៍ខ្មែរនៅកូរ៉េ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់កូរ៉េ។ ការលើកឡើងរបស់លោក ឃួន ផុនរតនៈ នេះ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគីលើ «វេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI រវាងស្ថានទូតកម្ពុជាប្រចាំកូរ៉េ សាលាស្រុកអឹមសុង និងវិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្មពន្លត់អគ្គិភ័យកូរ៉េ (KFI) នៅសាលាស្រុកអឹមសុង ខេត្តឈុងឆង់ប៊ុកដូ ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពពីគ្រោះអគ្គិភ័យ និងរក្សាសុខុមាលភាពទូទៅ របស់ពលករបរទេស ពិសេសពលរដ្ឋកម្ពុជា ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយមិនចាំបាច់ចំណាយថវិកា ។ ជាមួយគ្នានោះ ក៏មានការផ្តល់ជូនចំនួន៦ភាសា រួមមាន…
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េលោក ឃួន ផុនរតនៈ បានលើកឡើងថា សហគមន៍ខ្មែរនៅកូរ៉េ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់កូរ៉េ។
ការលើកឡើងរបស់លោក ឃួន ផុនរតនៈ នេះ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគីលើ «វេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI រវាងស្ថានទូតកម្ពុជាប្រចាំកូរ៉េ សាលាស្រុកអឹមសុង និងវិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្មពន្លត់អគ្គិភ័យកូរ៉េ (KFI) នៅសាលាស្រុកអឹមសុង ខេត្តឈុងឆង់ប៊ុកដូ ។
កម្មវិធីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពពីគ្រោះអគ្គិភ័យ និងរក្សាសុខុមាលភាពទូទៅ របស់ពលករបរទេស ពិសេសពលរដ្ឋកម្ពុជា ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយមិនចាំបាច់ចំណាយថវិកា ។ ជាមួយគ្នានោះ ក៏មានការផ្តល់ជូនចំនួន៦ភាសា រួមមាន ៖ ភាសាកូរ៉េ ភាសាខ្មែរ ភាសាអង់គ្លេស ភាសាវៀតណាម ភាសាចិន និងភាសានេប៉ាល់ដែលក្នុងចំណោមភាសាទាំង៦នេះ ភាសាខ្មែរនឹងត្រូវបានដាក់ឱ្យដំណើរការដំបូងគេបង្អស់ ។
លោក ឃួន ផុនរតនៈ មានប្រសាសន៍ថា សហគមន៍ខ្មែរនៅកូរ៉េកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកូរ៉េ ។ យ៉ាងណាមិញសុវត្ថិភាពរបស់ពួកគាត់គឺជាអាទិភាពចំបងដែលស្ថានទូតតែងយកចិត្តទុកដាក់ ។ ដូច្នេះកម្មវិធីនេះ នឹងអាចជួយកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុណាមួយដែលកើតឡើងដោយសាររបាំងភាសា។
ឯកអគ្គរាជទូតបន្ថែមថា ស្ថានទូតនឹងព្យាយាមក្នុងការជួយផ្សព្វផ្សាយកម្មវិធីខាងលើនេះ ដើម្បីធានានូវសុខសុវត្ថិភាពជូនប្រជាជនកម្ពុជាទាំងអស់ដែលរស់នៅក្នុងប្រទេសកូរ៉េ ៕




