ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងនឹងបញ្ជូនបេសកកម្មយោធា ដើម្បីជួយរក្សាច្រកសមុទ្រ Hormuz ឱ្យនៅបើកចំហជាធម្មតា

សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងដាក់ពង្រាយយន្តហោះល្បាតដែនសមុទ្រ ព្រមទាំងក្រុមដោះមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD) ទៅកាន់តំបន់សមុទ្រក្បែរច្រកសមុទ្រ Hormuz ជាផ្នែកមួយនៃបេសកកម្មជួយរក្សាផ្លូវទឹកនេះឱ្យនៅបើកចំហជាធម្មតា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៥ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។ ​សេចក្តីប្រកាសនេះធ្វើឡើង ខណៈទីក្រុងសេអ៊ូលនៅតែរក្សាជំហរថា ខ្លួននឹងមិនបញ្ជូនកងទ័ពដើម្បីធ្វើអន្តរាគមន៍យោធានៅក្នុងសង្គ្រាមអ៊ីរ៉ង់នោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ខ្លួនកំពុងស្វែងរកការការពារនាវាពាណិជ្ជកម្ម និងការផ្គត់ផ្គង់ថាមពលឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ​សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបង្អាក់ដល់ការដឹកជញ្ជូនតាមនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលសកល ហើយជាធម្មតាផ្លូវនេះទទួលបន្ទុកដឹកជញ្ជូនប្រេងប្រមាណមួយភាគប្រាំនៃប្រេងទាំងអស់នៅលើពិភពលោក។ ​អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍នូវសេចក្តីរាយការណ៍ដែលថា រដ្ឋាភិបាលមានផែនការពង្រីកតំបន់ប្រតិបត្តិការនៃកងឯកភាពទ័ពជើងទឹកប្រឆាំងចោរសមុទ្រ Cheonghae (ដែលបច្ចុប្បន្នការពារនាវាពាណិជ្ជកម្មនៅឈូងសមុទ្រ…

សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងដាក់ពង្រាយយន្តហោះល្បាតដែនសមុទ្រ ព្រមទាំងក្រុមដោះមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD) ទៅកាន់តំបន់សមុទ្រក្បែរច្រកសមុទ្រ Hormuz ជាផ្នែកមួយនៃបេសកកម្មជួយរក្សាផ្លូវទឹកនេះឱ្យនៅបើកចំហជាធម្មតា នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៥ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​សេចក្តីប្រកាសនេះធ្វើឡើង ខណៈទីក្រុងសេអ៊ូលនៅតែរក្សាជំហរថា ខ្លួននឹងមិនបញ្ជូនកងទ័ពដើម្បីធ្វើអន្តរាគមន៍យោធានៅក្នុងសង្គ្រាមអ៊ីរ៉ង់នោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ខ្លួនកំពុងស្វែងរកការការពារនាវាពាណិជ្ជកម្ម និងការផ្គត់ផ្គង់ថាមពលឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

​សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបង្អាក់ដល់ការដឹកជញ្ជូនតាមនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលសកល ហើយជាធម្មតាផ្លូវនេះទទួលបន្ទុកដឹកជញ្ជូនប្រេងប្រមាណមួយភាគប្រាំនៃប្រេងទាំងអស់នៅលើពិភពលោក។

​អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍នូវសេចក្តីរាយការណ៍ដែលថា រដ្ឋាភិបាលមានផែនការពង្រីកតំបន់ប្រតិបត្តិការនៃកងឯកភាពទ័ពជើងទឹកប្រឆាំងចោរសមុទ្រ Cheonghae (ដែលបច្ចុប្បន្នការពារនាវាពាណិជ្ជកម្មនៅឈូងសមុទ្រ Aden ក្រៅឆ្នេរសូម៉ាលី) ឱ្យគ្របដណ្តប់ទៅដល់តំបន់សមុទ្រក្បែរច្រកសមុទ្រ Hormuz។

​ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ការដាក់ពង្រាយនេះនឹងរួមមាន នាវាពិឃាតមួយគ្រឿង, យន្តហោះល្បាតដែនសមុទ្រធុន P-8, ក្រុមដោះមីន (EOD), នាវាលើផ្ទៃទឹកគ្មានមនុស្សបើក, យានរុករកក្រោមទឹកគ្មានមនុស្សបើក និងយានបញ្ជាពីចម្ងាយ (ROVs) សម្រាប់ការរុករកក្រោមបាតសមុទ្រ។ ការពន្យារពេលដាក់ពង្រាយកងឯកភាព Cheonghae ដែលបច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការត្រឹមចុងឆ្នាំនេះ នឹងតម្រូវឱ្យមានការអនុម័តយល់ព្រមពីសភា។

​មន្ត្រីក្រសួងការពារជាតិម្នាក់ បានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «ការពង្រឹងបេសកកម្មរបស់កងឯកភាព Cheonghae គឺដើម្បីការពារប្រជាពលរដ្ឋ និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់យើង»។ មន្ត្រីរូបនេះបានបញ្ជាក់ថា ការពង្រឹងកម្លាំងនេះគឺសម្រាប់គោលបំណងមិនមែនប្រយុទ្ធជាដាច់ខាត ហើយកងឯកភាពនេះនឹងធ្វើប្រតិបត្តិការដោយឯករាជ្យពីកងកម្លាំងសម្ព័ន្ធមិត្ត។

​លោកបានបន្ថែមថា៖ «ប្រតិបត្តិការនេះនឹងត្រូវបានកម្រិតត្រឹមដែនទឹកសមុទ្របើកចំហនៅភាគខាងត្បូងប្រទេសអូម៉ង់ ហើយយន្តហោះល្បាតដែនសមុទ្រ នឹងត្រូវបានហាមឃាត់មិនឱ្យកំណត់គោលដៅ ឬតាមដានទឹកដីអ៊ីរ៉ង់ ដែនទឹក ឬផ្ទៃខាងក្នុងនៃច្រកសមុទ្រ Hormuz ឡើយ ក្នុងអំឡុងពេលបំពេញបេសកកម្មរបស់ពួកគេ»។

​កាលពីខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអះអាងសារជាថ្មីថា កូរ៉េខាងត្បូងនឹងមិនបញ្ជូនកងទ័ពក្នុងរូបភាពណាមួយដែលអាចឈានទៅដល់ការធ្វើអន្តរាគមន៍យោធានោះទេ។ លោកបានមានប្រសាសន៍ថា៖ «យើងបានប្រកាន់ខ្ជាប់នូវគោលការណ៍មិនពាក់ព័ន្ធ និងមិនជ្រៀតជ្រែកក្នុងសង្គ្រាមរហូតមកដល់ពេលនេះ ហើយយើងនឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍នេះទៅមុខទៀត»។

​ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់ បានព្រមានកូរ៉េខាងត្បូងប្រឆាំងនឹងការដាក់ពង្រាយកម្លាំងណាមួយ បន្ទាប់ពីទីក្រុងសេអ៊ូលបានថ្លែងថា ខ្លួនកំពុងពិចារណាក្នុងការចូលរួមចំណែកដល់សន្តិសុខនៃផ្លូវទឹកនេះ៕

ប្រែសម្រួល៖ គីរី

To Top