បរទេស៖ ការអំពាវនាវរបស់រដ្ឋាភិបាលថៃ ដែលតម្រូវឱ្យគ្រប់គ្រួសាររៀបចំ «កាតាបសង្គ្រោះបន្ទាន់ ៧២ម៉ោង» បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមានការងឿងឆ្ងល់ថាតើពួកគេកំពុងត្រៀមខ្លួនសម្រាប់រឿងអ្វី ដែលជាហេតុជំរុញឱ្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេះ ចេញមុខបញ្ជាក់កាលពីថ្ងៃទី៤ ខែវិច្ឆិកា ថា ការណែនាំនេះមិនមែនជាការព្រមានពីសង្គ្រាមនោះទេ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
នាយកដ្ឋានបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយ (DDPM) ចំណុះក្រសួងមហាផ្ទៃរបស់ប្រទេសថៃ កាលពីថ្ងៃទី២ ខែវិច្ឆិកា បានណែនាំដល់ប្រជាពលរដ្ឋឱ្យត្រៀមរៀបចំឧបករណ៍សង្គ្រោះបន្ទាន់ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ និងហេតុការណ៍ដែលមិននឹកស្មានដល់ផ្សេងៗ។
ស្ថាប័ន DDPM បានផ្តល់អនុសាសន៍ថា គ្រប់គ្រួសារគួរតែត្រៀមទុកនូវសម្ភារៈចាំបាច់ឱ្យបានរួចរាល់ ដើម្បីឆ្លើយតបនឹងតម្រូវការមូលដ្ឋានក្នុងអំឡុងពេល ៧២ម៉ោងដំបូង បន្ទាប់ពីមានគ្រោះមហន្តរាយ ឬហេតុការណ៍អាសន្នណាមួយ។ បញ្ជីរាយនាមសម្ភារៈទាំងនោះចែកចេញជា ៦ ប្រភេទ រួមមាន៖ ថ្នាំពេទ្យ អាហារ ទឹកផឹកយ៉ាងតិច ៣លីត្រសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ ឧបករណ៍ទំនាក់ទំនង (ដូចជា ថ្មសាកបម្រុង Power bank និងវិទ្យុ) ឯកសារ និងសាច់ប្រាក់ សម្ភារៈអនាម័យ និងសម្លៀកបំពាក់។
ជុំវិញការណែនាំនេះ មានប្រជាជនជាច្រើនបានចោទសួរ និងបញ្ចេញមតិផ្សេងៗគ្នា។ នៅលើបណ្តាញវេទិកាអនឡាញដ៏ពេញនិយមរបស់ថៃ Pantip អ្នកប្រើប្រាស់បានសួរបញ្ជាក់ថាតើពួកគេកំពុងរៀបចំឥវ៉ាន់ដើម្បីទប់ទល់នឹងការគំរាមកំហែងអ្វី ហើយតើពួកគេត្រូវជម្លៀសទៅទីណា។
គណនីមួយបានសរសេរថា៖ «ពួកគេប្រាប់ឱ្យយើងរៀបចំកាតាប តែតើយើងត្រូវរត់គេចពីអ្វី ហើយទៅណា? ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទេ»។ អ្នកប្រើប្រាស់ម្នាក់ទៀតបានលើកឡើងថា «សូម្បីតែកន្លែងជ្រកកោនពីគ្រាប់បែកនៅជិតផ្ទះក៏គ្មានផង» ខណៈដែលអ្នកទីបីបាននិយាយថា ទីភ្នាក់ងារនេះ «នៅតែគ្មានផែនការទាល់តែសោះថា តើយើងស្តុកទុកឥវ៉ាន់សម្រាប់អ្វី ហើយត្រូវធ្វើអ្វីខ្លះជាជំហានៗ នៅពេលមានរឿងអ្វីមួយកើតឡើង»។
អ្នកផ្សេងទៀតបានឆ្លើយតបលាយឡំដោយការលេងសើច។ អ្នកប្រើប្រាស់ដែលនិយាយថាគ្មានកន្លែងជ្រកកោននោះ បានសួរថាតើគាត់អាចប្តូរកាតាបស្ពាយទៅជាការស្ពាយការ៉ុងអង្ករទម្ងន់ ១៥គីឡូក្រាមជំនួសវិញបានទេ ឬគ្រាន់តែលើកទូខោអាវរត់តែម្តង ហើយតើមានថាសហោះ (UFO) មកយកមនុស្សគ្រប់គ្នាទៅកាន់ភពអង្គារ ឬព្រះច័ន្ទឬយ៉ាងណា។ ចំណែកឯទស្សនិកជននៅលើ YouTube ម្នាក់បាននិយាយលេងសើច ដោយយោងទៅលើការវាយប្រហារតាមអ៊ីនធឺណិតទៅលើប្រព័ន្ធទូទឹកកកផ្សារទំនើបនៅអឺរ៉ុប ដែលទូរទស្សន៍ប៉ុស្តិ៍លេខ៧ បានលើកឡើងជាផ្នែកមួយនៃសាច់រឿងថា៖ «ទូទឹកកកភាគច្រើនរបស់យើងមិនអាចត្រូវគេលួចចូល (Hack) បានទេ ព្រោះវាមិនភ្ជាប់អ៊ីនធឺណិត។ វាមិនមានបច្ចេកវិទ្យាខ្ពស់ដល់ថ្នាក់ហ្នឹងនោះទេ»។
អ្នកបញ្ចេញមតិមួយចំនួន បានចាត់ទុកការណែនាំនេះជាការចម្អកដល់ការដោះស្រាយរបស់រដ្ឋាភិបាលជុំវិញបញ្ហាទឹកជំនន់ជាប្រវត្តិសាស្ត្រកាលពីខែកញ្ញា ដែលបានលិចលង់តំបន់មួយចំនួននៃទីក្រុងបាងកក និងភាគកណ្តាលប្រទេសថៃអស់ជាច្រើនថ្ងៃ។ ម្នាក់បានសួរថា តើអាជ្ញាធរដែលធ្លាប់តែលំបាកតត្រដរក្នុងការដោះស្រាយបញ្ហាទឹកជំនន់ នឹងមានលទ្ធភាពទប់ទល់ជាមួយរោគរាតត្បាត ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ឬកុប្បកម្មយ៉ាងដូចម្តេចទៅ។
ទោះជាយ៉ាងណា មានអ្នកផ្សេងទៀតជាច្រើនមិនបានខ្វាយខ្វល់នោះទេ ដោយនិយាយថាគ្រួសាររបស់ពួកគេបានស្តុកទុកអាហារលើសពី ៣ថ្ងៃរួចទៅហើយ។ អ្នកប្រើប្រាស់វេទិកា Pantip ម្នាក់បាននិយាយថា គ្រួសាររបស់គាត់តែងតែទិញមីកញ្ចប់ និងត្រីខកំប៉ុងជាកេសៗ និងទឹកផឹក ៣០យួរម្តងៗ។ ម្នាក់ទៀតបាននិយាយថា គាត់បានស្តុកទុកអង្ករ ស៊ុត និងមីនៅផ្ទះតាំងពីឆ្លងកាត់ទឹកជំនន់ឆ្នាំ២០១១ និងជំនាន់កូវីដ-១៩ មកម្ល៉េះ ដែលកាលណោះគាត់មិនអាចរកទិញអ្វីបានសោះនៅលើធ្នើរទំនិញ។
ប្រជាពលរដ្ឋដែលត្រូវបានសម្ភាសន៍ដោយទូរទស្សន៍ប៉ុស្តិ៍លេខ៧ បានត្អូញត្អែរថា ពួកគេគ្មានប្រាក់សល់ដើម្បីទិញស្តុកទុកទេ ដោយលើកឡើងថាពួកគេចាយវាយត្រឹមតែអ្វីដែលពួកគេរកបានពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ ហើយតម្លៃសាច់ជ្រូកក៏ទើបតែឡើងថ្លៃម្តងទៀត។ អ្នកខ្លះនិយាយថាពួកគេនឹងមិនត្រៀមលក្ខណៈអ្វីទាំងអស់។ ការរអ៊ូរទាំស្រដៀងគ្នានេះ ក៏មាននៅក្រោមការបញ្ចេញមតិក្នុងសេចក្តីរាយការណ៍របស់ទូរទស្សន៍ខាងលើនៅលើ YouTube ផងដែរ។ ទស្សនិកជនម្នាក់បានសរសេរថា ការទិញប្រេងឥន្ធនៈពីរលីត្រ និងអាហារមួយពេល គឺអស់ប្រាក់ឈ្នួលមួយថ្ងៃបាត់ទៅហើយ ខណៈអ្នកផ្សេងទៀតបានប្រកែកថា ការស្តុកទុកទំនិញនឹងធ្វើឱ្យតែឈ្មួញលក់រាយកាន់តែមានបាន ហើយការទប់ស្កាត់ការខ្វះខាតទំនិញ គឺជាតួនាទីរបស់រដ្ឋាភិបាល។
តែយ៉ាងណា មិនមែនគ្រប់គ្នាសុទ្ធតែយល់ស្របជាមួយការរអ៊ូរទាំទាំងនេះទេ។ មតិដែលទទួលបានការគាំទ្រ (Like) ច្រើនជាងគេមួយនៅក្រោមសេចក្តីរាយការណ៍នាយប់ថ្ងៃទី៣ ខែវិច្ឆិកា បានឌឺដងទៅកាន់អ្នកផ្តល់បទសម្ភាសន៍ម្នាក់ដែលតែងតែរអ៊ូពីរឿងចំណាយ ប៉ុន្តែមិនដែលរអ៊ូពីតម្លៃឆ្នោតឡើយ ហើយទស្សនិកជនម្នាក់ទៀតបាននិយាយថា ប្រជាជនតែងតែរអ៊ូរទាំនៅពេលដែលរដ្ឋាភិបាលនៅស្ងៀមហើយក៏រអ៊ូទៀតនៅពេលដែលរដ្ឋាភិបាលចេញសេចក្តីព្រមាន។
