ពួកហេគឃ័រ វាយប្រហារទូរត្រជាក់ នៅមជ្ឈមណ្ឌលស្តុកឈាមចំនួន ៣ កន្លែង ក្នុងប្រទេសបារាំង ដោយព្យាយាមដំឡើងសីតុណ្ហភាពឱ្យដល់ ១១០°C
បរទេស៖ សេវាឈាមជាតិរបស់ប្រទេសបារាំង បានបញ្ជាក់កាលពីថ្ងៃពុធថា ក្រុមហេគឃ័រ (hackers) បានកំណត់គោលដៅវាយប្រហារ លើប្រព័ន្ធទូរទឹកកកនៅមជ្ឈមណ្ឌលស្តុកឈាម ចំនួន ៣ កន្លែង ដោយព្យាយាមដំឡើងសីតុណ្ហភាពឱ្យឡើងខ្ពស់ខ្លាំង ក្នុងគោលបំណងបំផ្លាញផលិតផលឈាមដ៏សំខាន់នេះ។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីមានហេតុការណ៍ស្រដៀងគ្នានេះ ជាច្រើនលើកនៅតាមផ្សារទំនើបនានាទូទាំងទ្វីបអឺរ៉ុប ដែលបានបង្កការខូចខាតគិតជាទឹកប្រាក់រាប់លានអឺរ៉ូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ស្ថាប័នឈាមជាតិបារាំង (EFS) បានឱ្យដឹងថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនេះ បានជ្រៀតចូលទៅក្នុងប្រព័ន្ធត្រួតពិនិត្យ និងបញ្ជាដែលគ្រប់គ្រងដោយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរទឹកកកខាងក្រៅ។ ហេតុការណ៍នេះបានបើកឱកាសឱ្យក្រុមហេគឃ័រអាចចូលទៅកែប្រែសីតុណ្ហភាព និងការកំណត់ប្រព័ន្ធរលាយទឹកកក (defrosting) ពីចម្ងាយ នៅទីតាំងស្តុកប្លាស្មាឈាមចំនួន ៣ កន្លែង។
យោងតាមកាសែតស៊ើបអង្កេតប្រចាំសប្តាហ៍របស់បារាំងឈ្មោះ Le Canard Enchaîné ដែលជាប្រភពដំបូងគេរាយការណ៍អំពីហេតុការណ៍នេះ គឺ ក្រុមហេគឃ័របានព្យាយាមដំឡើងសីតុណ្ហភាពពីកម្រិតធម្មតាគឺ -៣០°C (-២២°F) ឱ្យឡើងដល់ ១១០°C (២៣០°F) ដែលជាកម្រិតខ្ពស់ជាងចំណុចពុះរបស់ទឹកទៅទៀត។
ការវាយប្រហារនេះបានកើតឡើងនៅយប់ថ្ងៃចន្ទ ខណៈដែលបុគ្គលិកបច្ចេកទេស ដែលកំពុងបំពេញការងារបានកត់សម្គាល់ឃើញសីតុណ្ហភាព នៅក្នុងទីតាំងទាំងនោះចាប់ផ្តើមឡើងខ្ពស់។ ស្ថាប័ន EFS បានបញ្ជាក់ថា ប្រព័ន្ធត្រួតពិនិត្យ និងប្រព័ន្ធជូនដំណឹងរបស់ខ្លួន បានជួយឱ្យបុគ្គលិកអាចរកឃើញភាពមិនប្រក្រតីទាំងនេះ ហើយចាត់វិធានការការពារ ឬផ្លាស់ទីផលិតផលឈាមដែលរងផលប៉ះពាល់នោះ ទៅកាន់ទីតាំងសុវត្ថិភាព ទាន់ពេលវេលាមុនពេលខូចខាត។
