សម្តេចតេជោ ៖ កម្ពុជា-រវ៉ាន់ដា កំពុងអភិវឌ្ឍន៍ដូចគ្នា មានឱកាសយល់ពីគ្នាច្រើន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ប្រទេសកម្ពុជា និងរវ៉ាន់ដា កំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដូចគ្នានោះ គឺមានឱកាសស្វែងយល់ពីគ្នាទៅវិញទៅមកយ៉ាងច្រើន ។
ក្នុងកិច្ចប្រជុំកំពូលជាមួយសម្តេចតេជោ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ផូល ខាហ្គាម៉េ ប្រធានាធិបតី រវ៉ាន់ដាថ្លែងថា លោកនិងគណៈប្រតិភូ បាននិងកំពុងស្វែងរកការបង្កើន ទំនាក់ទំនាក់ទំនងរវាងកម្ពុជា-រវ៉ាន់ដា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។
ជាកិច្ចឆ្លើយតប សម្តេចតេជោ សម្តែងការពេញចិត្ត ចំពោះការលើកឡើងរបស់ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា។ សម្តេចតេជោគាំទ្រចំពោះប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាជាមួយគ្នាលើឯកសារចំនួន៣ ។

សម្តេចតេជោមានប្រសាសន៍ថា ការចុះហត្ថលេខារវាងប្រទេសទាំងពីរលើឯកសារសំខាន់ៗ ចំនួន៣ នឹងក្លាយទៅជាមាគ៌ាមួយដ៏សំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងរវ៉ាន់ដា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
សម្តេចតេជោក៏បានលើកឡើង អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយបញ្ចប់កិច្ចជំនួបថា “សម្តេចតេជោបានកត់សម្គាល់ថា ប្រទេសទាំងពីរដែលកំពុងអភិវឌ្ឍន៍ដូចគ្នា អីចឹងអាចមានឱកាសនិងយល់ពីគ្នាច្រើនហើយស្វែងរកកាលានុវត្ត នៃក្របខណ្ឌនៃសហប្រតិបត្តិការរវាងប្រទេសទាំងពីរ” ។
សូមបញ្ជាក់ថា ទំនាក់ទំនង កម្ពុជា-រវ៉ាន់ដា កំពុងមានភាពរីកចម្រើន គួរឱ្យកត់សម្គាល់ ខណៈដែលឯកឧត្តម ផូល ខាហ្គាម៉េ កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕







