ភាពតានតឹង ក្នុងរដ្ឋបាលលោក ត្រាំ ៖ រដ្ឋមន្ត្រីរតនាគារ រិះគន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជុំវិញភាពយឺតយ៉ាវ ទប់ស្កាត់ការនាំចេញឈីប Nvidia
បរទេស៖ រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោក Scott Bessent កាលពីថ្ងៃសុក្រ បានចោទប្រកាន់ក្រសួង ពាណិជ្ជកម្មពីភាពយឺតយ៉ាវ ក្នុងការចាត់ទុកអតិថិជនរបស់ក្រុមហ៊ុន Nvidia គឺក្រុមហ៊ុន Megaspeed ថាជាការគំរាមកំហែងដល់សន្តិសុខជាតិ ដែលនេះជាការលាតត្រដាង ជាសាធារណៈនូវការទម្លាក់កំហុសគ្នា ទៅវិញទៅមកនៅក្នុងរដ្ឋបាល ក្រោយការទម្លាក់ចេញពីតំណែងរបស់នាយកប្រតិបត្តិ Nvidia លោក Jensen Huang នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ការលើកឡើងរបស់លោកកើតឡើងស្របពេលដែលទីប្រឹក្សាមួយចំនួនរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលកំពុងរងផលប៉ះពាល់ពីការលាលែង ពីតំណែងរបស់លោក Huang បានចាប់ផ្តើមពិភាក្សាថា តើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick គួរតែត្រូវបានបណ្តេញចេញពីតំណែងដែរឬទេ។ នេះបើយោងតាមប្រភពដែលដឹងពីការពិភាក្សានេះ។
មនុស្សពីរនាក់ផ្សេងទៀតបានឱ្យដឹងថា លោក ត្រាំ ផ្ទាល់ក៏ទទួលបានការហៅទូរស័ព្ទពីមន្ត្រីរដ្ឋបាល និងទីប្រឹក្សាខាងក្រៅ ដែលបានបន្លឺសំឡេងព្រមានអំពីលោក Lutnick ផងដែរ។
មកទល់ពេលនេះ សេតវិមាននៅតែគាំទ្រលោក Lutnick ដោយបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ពោលគឺមុនពេលការលើកឡើងរបស់លោក Bessent ដោយបញ្ជាក់ថា លោក ត្រាំ «រក្សាបាននូវទំនុកចិត្តទាំងស្រុងលើរដ្ឋមន្ត្រីរូបនេះ និងសមត្ថភាពរបស់លោកក្នុងការបំពេញការងារក្នុងនាមជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលនាំមកនូវការផ្លាស់ប្តូរដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប»។ លោក ត្រាំ និងលោក Lutnick គឺជាមិត្តភក្តិនឹងគ្នាជាយូរមកហើយ ហើយប្រភពព័ត៌មានបាននិយាយថា គេនៅមិនទាន់ដឹងច្បាស់ទេថា តើប្រធានាធិបតីអាចនឹងសម្រេចចិត្តបែបណាបន្តទៀត។
ថ្លែងនៅលើទូរទស្សន៍ CNBC លោក Bessent បាននិយាយថា ស្ថាប័នជាច្រើននៃរដ្ឋបាលរបស់លោក ត្រាំ រួមទាំងក្រសួងរតនាគារ ក្រសួងការបរទេស មន្ទីរបញ្ចកោណ និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក សុទ្ធតែគាំទ្រការដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅនៃការនាំចេញ (export blacklist)។ លោកបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មដែលដឹកនាំដោយលោក Lutnick គឺជាអ្នកខកខានក្នុងការអនុវត្តចំណាត់ការនេះ។
លោកបានមានប្រសាសន៍ថា៖ «ក្រសួងពាណិជ្ជកម្ម… គឺជាអ្នកកាន់ប៊ិច (អ្នកមានសិទ្ធិសម្រេច)។ អ្នកគួរតែសួរពួកគេអំពីដំណើរការផ្ទៃក្នុងរបស់ពួកគេ»។ លោកបានបង្ហាញការយល់ឃើញថា ភាពអសកម្មនេះបានរំលោភលើសេចក្តីណែនាំដែលផ្តល់ដោយលោក ត្រាំ។
លោកបានបន្ថែមថា៖ «ខ្ញុំមានការខកចិត្តនៅពេលដែលប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនមិនគួរទទួលបានបន្ទះឈីប Nvidia ណាមួយដែលលើសពីកម្រិតបច្ចេកវិទ្យាជាក់លាក់ណាមួយនោះទេ។ ដូច្នេះការលេចធ្លាយណាមួយគឺជារឿងគួរឱ្យខកចិត្តបំផុត ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនដ៏អស្ចារ្យរបស់យើងនៅក្នុងការប្រកួតប្រជែងផ្នែកបញ្ញាសិប្បនិម្មិត (AI) និងផ្តល់អត្ថប្រយោជន៍ដល់ភាគីចិន»។
សារព័ត៌មាន CNN បានទាក់ទងទៅក្រសួងពាណិជ្ជកម្មដើម្បីសុំការអត្ថាធិប្បាយ។ មន្ត្រីរបស់លោក ត្រាំ ជាយូរមកហើយមានក្តីបារម្ភថា ក្រុមហ៊ុន Megaspeed បានគេចវេសពីច្បាប់របស់សហរដ្ឋអាមេរិក និងបានបញ្ជូនបន្ទះឈីបទំនើបៗចូលទៅក្នុងប្រទេសចិន ដែលជាលទ្ធភាពមួយដែលបុគ្គលិកក្រសួងរតនាគារបានអះអាងថា គួរតែដាក់ក្រុមហ៊ុននេះទៅក្នុងបញ្ជីឈ្មោះក្រុមហ៊ុនពាក់ព័ន្ធនឹងចិនរបស់ក្រសួងពាណិជ្ជកម្ម (entity list) ដែលអាចបង្កហានិភ័យដល់សន្តិសុខជាតិ។
ប៉ុន្តែបញ្ហានេះ ទទួលបានការចាប់អារម្មណ៍ និងមានសារៈសំខាន់ជាថ្មីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលមានសេចក្តីរាយការណ៍ជាសាធារណៈថា លោក Huang (អតីតនាយកប្រតិបត្តិ Nvidia) មានទំនាក់ទំនងលួចលាក់ជាមួយបុគ្គលិកក្រុមហ៊ុន Megaspeed ម្នាក់ ដែលត្រូវបានសង្ស័យថាមានទំនាក់ទំនងចារកម្មជាមួយប្រទេសចិន។
មន្ត្រីជាន់ខ្ពស់របស់លោក ត្រាំ រួមទាំងលោក Lutnick ផងដែរ ត្រូវបានផ្តល់ព័ត៌មានកាលពីប៉ុន្មានខែមុន អំពីទំនាក់ទំនងរបស់លោក Huang ជាមួយអ្នកស្រី Alice Huang ដែលជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Megaspeed នេះ។ ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា ទោះបីជាមានការព្រមានទាំងនោះក៏ដោយ ក៏ក្រសួងពាណិជ្ជកម្មរហូតមកដល់ពេលនេះ នៅតែបដិសេធមិនដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅនោះទេ។
សារព័ត៌មាន CNN ធ្លាប់បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំដ៏តានតឹងមួយនៅបន្ទប់តាមដានសភាពការណ៍ (Situation Room) កាលពីសប្តាហ៍មុន លោក Bessent បានតតាំងជាមួយលោក Lutnick ជុំវិញការស្ទាក់ស្ទើររបស់ក្រសួង ក្នុងការដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅ។ ប្រភពបាននិយាយថា លោក Lutnick មិនបានសន្យាភ្លាមៗថានឹងចាត់វិធានការ ជាក់លាក់ណាមួយនោះទេ។
ប្រែសម្រួល៖ គីរី
