វិធានការរឹតបន្តឹង ឧបករណ៍មជ្ឈមណ្ឌល ទិន្នន័យចិនរបស់លោក ត្រាំ នៅតែបន្តដំណើរការ ទោះបីមានការបញ្ចុះបញ្ចូលពី Amazon, Google និង Meta ក៏ដោយ
បរទេស៖ ប្រភពដែល ទទួលបានព័ត៌មាននេះ បានឱ្យដឹងថា រដ្ឋបាលលោក ត្រាំ (Trump) មានគម្រោងបន្តកិច្ច ខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការនាំចូលឧបករណ៍មជ្ឈមណ្ឌលទិន្នន័យ (Data Center) របស់ចិន ទោះបីជាមានការជំទាស់ពីសំណាក់ក្រុមហ៊ុន Amazon, Google, Meta និងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកផ្សេងទៀតក៏ដោយ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
កាលពីខែសីហា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា គណៈកម្មការទូរគមនាគមន៍សហព័ន្ធ (FCC) កំពុងស្វែងរកការហាមឃាត់ការនាំចូលឧបករណ៍បញ្ជូនសញ្ញាអុបទិក (Optical Transceivers) ម៉ូដែលថ្មីៗរបស់ចិន មកកាន់សហរដ្ឋអាមេរិក ជុំវិញ ក្តីបារម្ភផ្នែកសន្តិសុខជាតិ។ ឧបករណ៍ទាំងនេះ អនុញ្ញាតឱ្យទិន្នន័យធ្វើដំណើរ តាមខ្សែកាបអុបទិក ក្នុងល្បឿនស្មើនឹងពន្លឺនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ។
យ៉ាងណាមិញ វិធានការនេះបានប្រឈមមុខនឹងការជំទាស់ច្រើនជាងការរំពឹងទុក ខណៈដែលក្រុមហ៊ុន Amazon (AMZN.O), Google (GOOGL.O), Meta (META.O), CoreWeave (CRWV.O) និង Cisco (CSCO.O) បានចូលរួមជាមួយ Microsoft នៅក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីសេតវិមានកាលពីដើមឆ្នាំនេះ។ ប្រភពដែលដឹងពីបញ្ហានេះចំនួនពីររូបបានឱ្យដឹងថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនទាំងនោះបានប្រាប់មន្ត្រីរដ្ឋាភិបាលថា ក្រុមហ៊ុនអាមេរិកអាចត្រូវការពេលវេលារហូតដល់មួយទសវត្សរ៍ ដើម្បីអាចអនុវត្តតាមវិធានការបែបនេះបាន។
ការបញ្ចុះបញ្ចូលនេះបានធ្វើឱ្យមានការសង្ស័យថា តើវិធានការនេះនឹងអាចបន្តទៅមុខបានដែរឬទេ។ ប៉ុន្តែប្រភពបន្ថែមបីរូបទៀត បានបញ្ជាក់ថា វិធានការនេះកំពុងដំណើរការទៅមុខ ដោយសង្កត់ធ្ងន់ថាវានៅតែអាចត្រូវបានគេទុកចោល ប្រសិនបើមានការផ្លាស់ប្តូរទស្សនៈនៅក្នុងរដ្ឋបាល។
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតឧបករណ៍បញ្ជូនសញ្ញាអុបទិករបស់សហរដ្ឋអាមេរិកបានកើនឡើង បន្ទាប់ពីមានព័ត៌មាននេះ ដោយភាគហ៊ុនក្រុមហ៊ុន Coherent កើនឡើង ២,២% និង Lumentum កើនឡើង ១,៥%។
សន្ទុះនេះ គឺដោយសារតែមួយផ្នែកបានមកពីការលាតត្រដាងអំពីទំនាក់ទំនងស្នេហារបស់អគ្គនាយកក្រុមហ៊ុន Nvidia លោក Jensen Huang ជាមួយនឹង ស្ត្រីដែលសង្ស័យថាជាចារកម្មចិន ដែលបានជំរុញឱ្យមានការ អំពាវនាវជាថ្មីនៅទីក្រុងវ៉ាស៊ីនតោន ឱ្យមានជំហរកាន់តែតឹងរ៉ឹងប្រឆាំងនឹងការគំរាមកំហែងពីបច្ចេកវិទ្យាចិន។
FCC និងក្រុមហ៊ុន Amazon, Google, Meta, CoreWeave រួមទាំង Cisco មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ ចំណែកឯក្រុមហ៊ុន Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។ មន្ត្រីសេតវិមានម្នាក់បានបដិសេធមិនអត្ថាធិប្បាយលើការបញ្ចុះបញ្ចូល ឬវឌ្ឍនភាពនៃវិធានការនេះទេ ប៉ុន្តែបានបញ្ជាក់ថា សកម្មភាពថ្មីៗរបស់ FCC ក្នុងការហាមឃាត់បច្ចេកវិទ្យាចិន និងឧបករណ៍បរទេសផ្សេងទៀត បាននាំឱ្យមានការវិនិយោគ រាប់ពាន់លានដុល្លារ ចូលទៅក្នុងវិស័យផលិតកម្ម របស់សហរដ្ឋអាមេរិក និងបង្កើតការងារថ្មីៗរាប់ពាន់កន្លែងសម្រាប់ជនជាតិអាមេរិក។
ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា ទីក្រុងប៉េកាំង “ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការដែលសហរដ្ឋអាមេរិកពង្រីកនិយមន័យនៃសន្តិសុខជាតិហួសហេតុ” និងជំរុញឱ្យរដ្ឋបាលលោក ត្រាំ “បញ្ឈប់ការលាបពណ៌លើក្រុមហ៊ុនចិន និងការគំរាមកំហែងពួកគេដោយការដាក់ទណ្ឌកម្ម”។ ស្ថានទូតបានបន្ថែមថា ប្រទេសចិននឹងបន្តធ្វើអ្វីដែលចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនយ៉ាងម៉ឺងម៉ាត់។
ក្រុមអ្នកនយោបាយអាមេរិកដែលមានជំហរតឹងរ៉ឹងចំពោះចិន (China hawks) នៅទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភថា ឧបករណ៍បញ្ជូនសញ្ញារបស់ចិន អាចត្រូវបានទីក្រុងប៉េកាំងប្រើប្រាស់ដើម្បីលួចទិន្នន័យ ដំឡើងមេរោគ (malware) ឬរំខានដល់សេវាកម្មនៅមជ្ឈមណ្ឌលទិន្នន័យរបស់អាមេរិក។
យោងតាមស្ថាប័នស្រាវជ្រាវ Counterpoint Research បានឱ្យដឹងថា ប្រទេសចិនក្តោបក្តាប់ពីរភាគបី នៃទីផ្សារពិភពលោកសម្រាប់ឧបករណ៍បញ្ជូនសញ្ញាអុបទិកនេះ។ ក្រុមហ៊ុនចិនដូចជា Eoptolink (300502.SZ) និង Zhongji Innolight (300308.SZ) ដែលត្រូវបានបញ្ចូលទៅក្នុងបញ្ជីក្រុមហ៊ុន ដែលគាំទ្រដោយយោធាចិនរបស់មន្ទីរបញ្ចកោណ (Pentagon) គឺជាអ្នកត្រួតត្រាការផ្គត់ផ្គង់នៅលើពិភពលោក ដោយរាប់បញ្ចូលទាំងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកក្នុងចំណោមអតិថិជនរបស់ពួកគេផងដែរ។
យោងតាមរបាយការណ៍របស់មូលនិធិសម្រាប់ការច្នៃប្រឌិតអាមេរិក (Foundation for American Innovation) បានឱ្យដឹងថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដូចជា Coherent (COHR.N) និង Lumentum (LITE.O) ផលិតបច្ចេកវិទ្យាដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនទាំងនោះបាន ប៉ុន្តែខ្វះទំហំផលិតកម្មដើម្បីអាចជំនួសអ្នកផ្គត់ផ្គង់ចិនបាន។
ប្រភពមួយបានឱ្យដឹងថា ក្រុមហ៊ុនអាមេរិកទាំងនេះ បានលើកឡើងពីលទ្ធភាពនៃការសងសឹកពីសំណាក់ប្រទេសចិន ក្នុងទម្រង់ជាការហាមឃាត់ការនាំចេញសារធាតុ “Indium phosphide” ដែលជារ៉ែដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាមេរិក ត្រូវការក្នុងការផលិតឧបករណ៍បញ្ជូនសញ្ញាអុបទិកផ្ទាល់ខ្លួន។
លោក ត្រាំ បានប្រើប្រាស់វិធីសាស្ត្រទន់ភ្លន់ជាងមុនចំពោះប្រទេសចិន នៅក្នុងអាណត្តិទីពីររបស់លោក ខណៈដែលលោកត្រូវប្រឈមមុខនឹងការគ្រប់គ្រងការនាំចេញរ៉ែកម្រ (rare-earth minerals) របស់ទីក្រុងប៉េកាំង ដែលជាមូលដ្ឋានគ្រឹះនៃផលិតកម្មបច្ចេកវិទ្យានៅគ្រប់ទីកន្លែង។ ប៉ុន្តែ FCC គឺជាករណីលើកលែងដ៏គួរឱ្យកត់សម្គាល់មួយ ដោយបានហាមឃាត់ការនាំចូលដ្រូន ម៉ូដែលថ្មីៗ រ៉ូបូត ឧបករណ៍បំលែងថាមពល (Power Inverters) និងឧបករណ៍បញ្ជូនសញ្ញាអ៊ីនធឺណិត (Routers) របស់ចិនដោយជោគជ័យ កាលពីឆ្នាំមុន។
ការលាតត្រដាងរឿងរ៉ាវរបស់លោក Huang បានបន្ថែមសម្ពាធដល់រដ្ឋបាលអាមេរិក ដោយបានទាញចំណាប់អារម្មណ៍ទៅលើករណីនៃការរត់ពន្ធបន្ទះឈីប AI របស់ Nvidia ទៅកាន់ប្រទេសចិន ដែលក្រសួងពាណិជ្ជកម្មអាមេរិកមិនបានចាត់វិធានការដោះស្រាយ។
ប្រែសម្រួល៖ គីរី
