ភ្នំពេញ ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីសិក្សា និងគោលដៅណែនាំ សម្រាប់កម្មវិធីអប់រំផ្លូវការ លើជំនាញអភិបាលកិច្ច និងអភិវឌ្ឍមូលដ្ឋានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា ការដាក់ឱ្យអនុវត្តកម្មវិធីអប់រំផ្លូវការលើជំនាញអភិបាលកិច្ច និងអភិវឌ្ឍមូលដ្ឋាន គឺជាចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា។
ថ្លែងក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យដៃគូ និងស្ថាប័នអប់រំដទៃទៀត ដើម្បីធានាថាគុណភាពនៃការអប់រំឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងស្តង់ដារជាតិ តំបន់ និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ព្រមទាំងត្រូវរក្សាឱ្យបាននូវ វិន័យ សុចរិតភាពសិក្សា និងគុណភាពនៃការស្រាវជ្រាវ។
លោក បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ក្រសួងមហាផ្ទៃ ក្នុងការកសាងមូលធនមនុស្សក្នុងរដ្ឋបាលសាធារណៈ ជាពិសេសនៅថ្នាក់ក្រោមជាតិ ដែលជាអង្គប្រតិបត្តិផ្ទាល់ជាមួយប្រជាពលរដ្ឋ។ លោក បន្ថែមថា ការដាក់ចេញកម្មវិធីអប់រំផ្លូវការនេះ គឺជាការគិតគូរយ៉ាងល្អិតល្អន់ និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
លោក ក៏បានរំលឹកផងដែរថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលត្រូវបានផ្តួចផ្តើមឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តបេសកកម្មដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាស្នូលនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាគន្លឹះឆ្ពោះទៅរកការពង្រឹងអភិបាលកិច្ចល្អ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។
លោក ក៏បានបញ្ជាក់បន្ថែមថា ដោយសារការវិវត្តនៃការងារអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន ទាមទារឱ្យមន្ត្រីមានចំណេះដឹង ជំនាញ និងសមត្ថភាពឯកទេសកាន់តែខ្ពស់ ទើបក្រសួងមហាផ្ទៃសម្រេចបង្កើតកម្មវិធីអប់រំផ្លូវការនេះឡើង ដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ៕
