ភ្នំពេញ៖ ក្មួយៗ និងមនុស្សចាស់ នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF) បានទទួលការយកចិត្តទុកដាក់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តាមរយៈការផ្ដល់ជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគ ដល់ក្មួយៗ និងមនុស្សចាស់ នៅក្នុងអង្គការ។
ជាក់ស្ដែង នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២០ នេះ បងស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បាននាំយកអំណោយ មីចំនួន៥០០កេស ដែលជាអំណោយផ្ទាល់ខ្លួន និងអង្ករចំនួន ៥តោន ដែលជាអំណោយអង្គការឆឺជី ប្រគល់ជូនដល់អង្គការនេះ ។
លោក Scott Neeson នាយកអង្គការមូលនិធិកុមារកម្ពុជា (CCF) បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែគិតគូ ពីសុខទុក្ខ ការសិក្សា និងការរស់នៅរបស់ក្មួយៗកុមារ និងមនុស្សចាស់ នៅក្នុងអង្គការCCFនេះ នាពេលកន្លងមក តាមរយៈការផ្ដល់សម្ភារៈ ថវិកា គ្រឿងឧបភោគ បរិភោគជាច្រើនទៀត ៕