ព័ត៌មានអន្តរជាតិ

តួកគី៖មនុស្ស៦ នាក់ស្លាប់ក្នុងហេតុការណ៍ វាយប្រហារគ្រាប់បែក នៅជិតព្រំដែនស៊ីរី

បរទេស៖ការវាយប្រហារគ្រាប់បែក មួយធ្វើឡើងដោយកងជីវពលឃឺដ YPG បានសម្លាប់មនុស្សចំនួន៦នាក់ និងរងរបួសមនុស្សចំនួន ១១នាក់ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្នុងទីក្រុង Tel Abyad នៅប្រទេសស៊ីរីភាគឦសាន ស្ថិតជិតព្រំដែនតួកគី នេះបើតាមក្រសួងការពារ ជាតិតួកគី។

យោងតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយការិយាល័យអភិបាលខេត្ត ក្នុងខេត្ត Sanliurfa ស្ថិតនៅក្នុងប្រទេសតួកគីភាគ អាគ្នេយ៍ បានឲ្យដឹងថា ការវាយប្រហារគ្រាប់បែកនេះ គឺត្រូវបានធ្វើឡើងជា មួយរថយន្តគ្រាប់បែកមួយគ្រឿង ហើយជនស៊ីវិលដែលរងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យនៅតាមសងខាងព្រំដែន។

គួរបញ្ជាក់ថា ពួក YPG ដែលទីក្រុងអង់ការ៉ាចាត់ ទុកថាជាក្រុមភេរវកម្ម ព្រោះតែមានចំណងទាក់ទងនឹងពួកសកម្មប្រយុទ្ធឃឺដ PKK នៅក្នុងប្រទេសតួកគី គឺជាសម្ពន្ធមិត្តរាប់ឆ្នាំរបស់សហរដ្ឋអាមេរិក ក្នុងដំណើរប្រយុទ្ធប្រឆាំង នឹងក្រុមរដ្ឋឥស្លាមជ្រុលនិយម ៕ប្រែសម្រួល៖ប៉ាង កុង

To Top