ភ្នំពេញ ៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា ជម្លោះគ្រប់យ៉ាងទាំងអស់ បើសន្សំទុកក្នុងខ្លួន ហាក់ បីដូចជាជំងឺមួយដែលគ្មានថ្នាំព្យាបាល ហើយមានតែ បាត់បង់សុខភាព ភាពវ័យឆ្លាត និងសុភមង្គលគ្រប់បែបយ៉ាងនៅក្នុងខ្លួន និងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប៉ុណ្ណោះ។
លោកបានលើកឡើងបែបនេះ នៅសាលាឆាន់វត្តដូងជ្រុំ ស្ថិតក្នុងភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ក្នុងឱកាសចុះដោះស្រាយ និងសម្របសម្រួលបញ្ហាប្រឈម ក៏ដូចជាទំនាស់ផ្សេងៗគ្នា ចំនួន៤ករណី ដល់មូលដ្ឋានផ្ទាល់ ។
លោកអភិបាលថ្លែងថា លោកមិនចង់ពលរដ្ឋប្រើប្រាស់ពេលវេលាដែលអត់ប្រយោជន៍ ពាក់ព័ន្ធទៅនឹងទំនាស់ព្រំដី រឿងជំពាក់លុយ និងរឿងក្តីក្តាំបន្តិចបន្តួច រហូត ទៅដល់បាត់បង់ពេលវេលា បាត់បង់ឱកាស និងបាត់បង់ថវិកាក្នុងគ្រួសារនោះឡើយ។
លោកលើកឡើងថា អ្នកយកដីគេត្រូវឲ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ បើអត់ឬឃ្លានត្រូវសុំគេ និងត្រូវសណ្តោសប្រណីគ្នាទៅវិញទៅមក ព្រោះនេះគឺជាតម្លៃពិតដែលមនុស្សទូទៅគេត្រូវការ។ នេះបើតាមការដកស្រង់ចេញពីក្រសួងមហាផ្ទៃ៕